នាំគ្នាទៅសែនប្រេននៅចំណុចប្រាសាទប្រាំ ភ្លេចចពន្លត់ភ្លើងស្ងោរក្បាលជ្រូក ត្រឡប់មកវិញភ្លើងឆាបឆេះផ្ទះខ្ទេច

0
889

ព្រះវិហារ ៖ ម្ចាស់ផ្ទះបង្កាត់ភ្លើងស្ងោរក្បាលជ្រូក និងចម្អិនម្ហូបអាហារ រួចរាល់ពុំបានពន្លត់ភ្លើងចង្ក្រាន ហើយបាននាំគ្នាទៅសែនប្រេននៅចំណុចប្រាសាទប្រាំ ទាំងអស់គ្នា គ្មានអ្នកនៅចាំផ្ទះ បណ្តាលអោយភ្លើងឆាបឆេះផ្ទះខ្ទេច វេលាម៉ោង១៤ និង១៥នាទី រសៀ​លនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចអូរចាក់ស្រា ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គីភ័យឆាបឆេះនេះឈ្មោះ ជោ ថាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះឡាន់ លានអាយុ៤៥ឆ្នាំ មានកូនចំនួន០២នាក់ ស្រី០០នាក់។ ការខូចខាតរួមមាន ផ្ទះ១ខ្នង ទំហ៊ំ៤មx៦ម សង់អំពីឈើ ក្រាលក្តា ជញ្ជាំងបាំងក្តា និងតសំយ៉ាបជុំវិញ៨មx៨ម។ ម៉ាស៊ីនកិនស្រូវចំនួន០១គ្រឿង  ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង ម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង ម៉ាស៊ីនគោយន្តចំនួន០១គ្រឿង រណាយន្តចំនួន០៣គ្រឿង«តូចចំនួន០២គ្រឿង និងធំចំនួន០១គ្រឿង»។ ទូរស័ព្ទដៃចំនួន០៣គ្រឿង ស្រូវចំនួន២៥បេ អង្ករចំនួន៥០គីឡូក្រាម សៀវភៅស្នាក់នៅចំនួន០១ក្បាល សៀវភៅគ្រួសារចំនួន០១ក្បាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០២សន្លឹក និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះឆេះទាំងអស់។

មូលហេតុ ដោយសារម្ចាស់ផ្ទះបង្កាត់ភ្លើងស្ងោរក្បាលជ្រូក និងចម្អិនម្ហូបអាហារ រួចរាល់ពុំបានពន្លត់ភ្លើងចង្ក្រាន ហើយបាននាំគ្នាទៅសែនប្រេននៅចំណុចប្រាសាទប្រាំ ទាំងអស់គ្នា គ្មានអ្នកនៅចាំផ្ទះ បណ្តាលអោយភ្លើងឆាបឆេះផ្ទះតែម្តង៕

Facebook Comments
Loading...