ម៉ូតូ និងរថយន្ដ សរុបជិត ១,០០០គ្រឿង ត្រូវបានផាកពិន័យ ពេញមួយព្រឹក ថ្ងៃទី០១ ខែឧសភានេះ

0
736

ភ្នំពេញ ៖ ជាយុទ្ធនាការថ្ងៃដំបូង នៃការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនចំនួនទឹកប្រាក់ នៃការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ មានម៉ូតូ និងរថយន្ដសរុបជិត ១,០០០គ្រឿង ដែលល្មើសនឹងច្បាប់ ហើយត្រូវសមត្ថកិច្ចឃាត់ ដើម្បីធ្វើការផាកពិន័យ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ពេញមួយព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ។

បើយោងតាមរបាយការណ៍បឋម របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចំនួនម៉ូតូ និងរថយន្ដ ដែលសមត្ថកិច្ចធ្វើការឃាត់ ដោយសារការល្មើសច្បាប់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង០៧ព្រឹក ដល់ម៉ោង១០ព្រឹក ក្នុងនោះមានម៉ូតូ៩០០គ្រឿង និងរថយន្ដ ៨០គ្រឿង។

របាយការណ៍ដដែល បានបង្ហាញថា ម៉ូតូចំនួន៩០០គ្រឿង អំពើល្មើសរួមមាន៖ អត់មួក៨៤៥គ្រឿង, អត់ស្លាកលេខ ៨គ្រឿង និងល្មើសសញ្ញាចរាចរ ចំនួន៤៧គ្រឿង។ រថយន្តសរុបចំនួន ៨០គ្រឿង អំពើល្មើសរួមមាន៖ អត់ពាក់ខ្សែក្រវ៉ាត់ ៦៣គ្រឿង, បញ្ច្រាស់ទិស ៧គ្រឿង, អត់លេខ ២គ្រឿង, និយាយទូរស័ព្ទ ២គ្រឿង, អត់ប័ណ្ណសំគាល់យាន ១គ្រឿង, ល្មើសសញ្ញាចរាចរ ៣គ្រឿង និងដឹកសំពីងសំពោង ២គ្រឿង។

សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង។

វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។ មុននឹងចាប់ផ្តើមអនុវត្តន៍នូវការរឹតបន្តឹងច្បាប់នេះ មន្ត្រីនគរបាលចរាចរណ៍បានធ្វើការផ្សព្វផ្សាយអស់ពេលមួយរយៈកន្លងមកហើយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ចរាចរណ៍ ដើម្បីសួរនាំរកឯកសារនោះទេ។ អ្នកធ្វើដំណើរត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ។

ជាមួយគ្នានេះ ចំពោះការដំឡើងកម្រិតផាកពិន័យ សម្ដេចបានផ្ដល់ការពន្យល់ជូនទៅវិញបងប្អូនប្រជាពលរដ្ឋថា មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ។ ផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ៕

Facebook Comments
Loading...