ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើងតតាំងនិងកីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ខណៈប៊ឺត សង្ឃឹម អ្នកប្រដាល់នៃក្លិបរហាប់ស្វាយប៉ាក ជួបកីឡាករធន់ អៀងឡៃ អ្នកប្រដាល់មកពីសមាគមកឡាប្រដាល់ក្រសួងការពារជាតិ លើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី០៣ ខែឧសភា ឆ្នាំ២០២០នេះ។
កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករឡុង សំណាង នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ សួន ចាន់នី ជាអ្នកប្រដាល់ជើងខ្លាំងទម្ងន់មធ្យមប្រចាំកម្ពុជាម្នាក់នាពេលបច្ចប្បន្នដែល ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេសជាច្រើននាក់មកហើយ គឺឈ្នះច្រើនជាងចាញ់ព្រោះស្នៀតក្បាច់គុណខ្មែរបុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយវាយមិនមានអំនួតនិងមិនខ្លាចគូរប្រកួតណាម្នាក់នោះទេ។
ចំណែកកីឡាករ ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើលសួន ចាន់នី ជាអ្នកឈ្នះ ឬឡុង សំនាង?។
ដោយឡែកកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករធន់ អៀងឡៃ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេកន្លងមក។ ប៊ឺត សង្ឃឹម ជាកីឡាករវ័យក្មេងកំពុងតែឡើងកូដ ដែលចេះប្រើក្បាចខ្មែរបុរាណគ្រប់ស្នៀត ចិត្តប្រដាល់ធំ ហើយព្រមទាំងមានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង។រីឯស្នៀតជង្គង់របស់គេមុតស្រួច គូប្រកួតល្មមៗពិបាកនឹងតតាំងជាមួយគេបានណាស់ ដៃគូប្រកួតជាច្រើននាក់ហើយទាំងស្រករមុនទាំងស្រករក្រោយជាច្រើននាក់បានសុំចុះចាញ់និងសន្លប់ ក្រោមស្នៀតជង្គងរបស់គេនោះ។
ចំណែកកីឡាករ ធន់ អៀងឡៃ បច្ចុប្បន្នក៍កំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀតផងដែរ ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើលរវាងប៊ឺត សង្ឃឹម និងធន់ អៀងឡៃ នរណាជាអ្នកឈ្នះ?៕