លោកថោង ខុន បើកកិច្ចប្រជុំជាមួយវិស័យឯកជនជុំវិញការរកដំណោះស្រាយលើផលប៉ះពាល់វិស័យទេសចរណ៍

0
967

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ជាមួយវិស័យឯកជនក្នុងវិស័យទេ​សចរណ៍ ជុំវិញការរកដំណោះស្រាយលើផលប៉ះពាល់វិស័យទេសចរណ៍ ដោយសារវិបត្តិនៃជំងឺកូវី១៩ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានចាប់ផ្ដើមរៀបចំស្ដង់ដាថ្មីក្នុងសម័យកូវីដសម្រាប់អាជីវកម្មទេសចរណ៍ចំនួន ៣ មានសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មទេសច​រណ៍សហគមន៍-រមណីយដ្ឋានទេសចរណ៍ ដើម្បីបង្ហើបឱ្យមានសកម្មភាពទេសចរណ៍ ឬចលនាទេសចរក្នុងប្រទេសឡើងវិញ ដែលធានាបាននូវសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់គ្នាជាដាច់ខាត។

ស្ដង់ដាអាជីវកម្មទេសចរណ៍ថ្មីនោះ នឹងមានការចេញប្រកាសឱ្យអនុវត្តជាផ្លូវការយ៉ាងយូរដាច់ខែឧសភា ឆ្នាំ២០២០។ មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលនៅមានសុពលភាព ត្រូវបន្ថែមការអនុវត្តតាមស្ដង់ដាថ្មី ចំណែកអាជីវកម្មសុំអាជ្ញាបណ្ណថ្មី ក៏ត្រូវអនុលោមតាមស្ដង់ដាថ្មីនេះផងដែរ។

ទន្ទឹមនឹងការបង្ហើបឱ្យមានសកម្មភាពទេសចរណ៍ក្នុងស្រុកឡើងវិញនេះ ក្រសួងទេសចរណ៍ក៏តម្រូវឱ្យម្ចាស់អាជីវកម្មទេសចរណ៍នៅតាមតំបន់ទាំងនោះ ត្រូវអនុវត្តតាមបទបញ្ជា និងការណែនាំពីសុវត្ថិភាពសុខភាពដែលណែនាំដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុតនៅក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

ការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ក្នុងស្រុកខាងលើនេះ ក៏ស្របនឹងបំណងរបស់ប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍ចង់ដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងប្រទេស ខណៈរាជរដ្ឋាភិបាលក៏បានបន្ធូរបន្ថយឱ្យមានការធ្វើដំណើរឆ្លងខេត្តឆ្លងស្រុកឡើងវិញបាន ដូច្នេះប្រជាពលរដ្ឋក៏ចង់ដើរលេងកម្សាន្តច្រើនណាស់ដែរ បន្ទាប់ពីដាក់ខ្លួននៅក្នុងលំនៅដ្ឋាន ឬដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីបង្ការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។ ពួកគេតែងនិយាយថា «ធុញថប់ អផ្សុក ឬ ស្ត្រេសជាដើម»។

នាកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំថា «នៅចំពោះមុខដែលមិនទាន់ចេញស្ដង់ដាថ្មីខាងលើនេះ ប្រសិនបើមានភ្ញៀវទេសចរទៅទស្សនា ឬមានតម្រូវការសេវាកម្មទេសចរណ៍ មន្ទីរទេសចរណ៍ អាជីវកម្មទេសចរណ៍ត្រូវទទួលភ្ញៀវតាមធម្មតា មិនថាភ្ញៀវទេសចរជាតិ ឬភ្ញៀវទេសចរបរទេសនោះឡើយ»។

កិច្ចការចាំបាច់មួយទៀតសម្រាប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍នានា គឺត្រូវរៀចំសោភ័ណភាព ការយកចិត្តទុកដាក់លើស្ដង់ដាអនាម័យ ភាពស្អាត បន្ទប់ទឹកស្អាតជានិច្ច ទីធ្លារត្រូវមានបរិស្ថានស្អាត។

ចំណែកអាហារដ្ឋាន ភោជនីយដ្ឋាន ក៏ដូចជាកន្លែងទទួលទានអាហារនៅក្នុងរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ទាំងនោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាត្រូវមានដាក់គម្លាតតុ-កៅអីទទួលអាហារឱ្យឃ្លាតពីគ្នា ត្រូវមានធុងសំរាម ឬកន្ត្រកសំរាមឱ្យបានត្រឹមត្រូវ ពិសេសត្រូវទុកដាក់សំរាមនោះប្រកបដោយអនាម័យខ្ពស់។ ការពាក់ម៉ាស់ និងទឹកអនាម័យសម្រាប់លាងដៃ គឺជាកិច្ចការចំបាច់បំផុតសម្រាប់ភ្ញៀវទេស​ចរ ក៏ដូចជាកាតព្វកិច្ចរបស់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ភោជ​នីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានព្រមានដែរថា ប្រសិនបើម្ចាស់អាជីវកម្មទេសចរណ៍ណាដែលមិនអនុវត្តតាមគោលនយោបាយ បទបញ្ជា និងស្ដង់ដាសុវត្ថិភាពអនាម័យរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធទេនោះ មូលដ្ឋានអាជីវកម្មទេស​ចរណ៍ទាំងនោះនឹងត្រូវប្រឈមនឹងការផ្អាកសកម្មភាពអាជីវកម្ម ឬឈានទៅដល់ការបិទអាជីវកម្មទាំងស្រុងតែម្ដង។

ចំពោះសេវាកម្មទេសចរណ៍ផ្នែកផ្សេងទៀតក្រៅពីសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍សហគមន៍-រមណីយដ្ឋានទេសចរណ៍នេះ ក្រសួងទេសចរណ៍មិនទាន់បញ្ជាក់ពីការបើកដំណើរការវិញឡើយ ដោយត្រូវរង់ចាំការសម្រេចជាមុនពីរាជរដ្ឋាភិបាល ខណៈការអនុវត្តវិធានការបង្ការការពារ ទប់ស្កាត់ជំងឺកូវីដក៏នៅតែបន្តធ្វើដោយខ្ជាប់ខ្ជួន។ ប៉ុន្តែនៅពេលអនុញ្ញាតឱ្យបើកដំណើរការវិញ មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងនោះ ត្រូវអនុវត្តតាមស្ដង់ដាថ្មីទាំងអស់គ្នា៕

Facebook Comments
Loading...