បុណ្យទន្លេបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង៣ថ្ងៃមានប្រជាពលរដ្ឋ-ភ្ញៀវទេសចរចូលរួមប្រមាណ៣០ម៉ឺននាក់

0
687

បាត់ដំបង ៖ វិធីបិទព្រឹត្តិការណ៍បុណ្យទន្លេនារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក៏គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

ក្នុងថ្ងៃបិទព្រឹត្តិការណ៍បុណ្យទន្លេនារាត្រីថ្ងៃទី១៥ នេះមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមទស្សនាទស្សនីយភាពសិល្បៈវប្បធម៌ មានល្ខោនរឿងប្រវត្តិភ្នំសំពៅ សិល្បៈរបាំមួយចំនួន ការដើរបង្ហាញម៉ូតអំពីក្រមាខ្មែរ និងការសម្ដែងសៀកកំប្លែងផងដែរ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក៏បានដើរទស្សនានៅតាមស្ដង់ពិព័រណ៍ ទទួលទានអាហារនៅតាមស្ដង់លក់ម្ហូបអាហារ និងការតាំងបង្ហាញផលិតផលនានានៅក្នុងបរិវេណរៀបចំពិធីបុណ្យ ចំណែកអ្នកមួយចំនួនក៏និយមថតរូបភាពជាមួយក្រុមគ្រួសារ មិត្តភក្តិជាដើម។ ក្រៅពីនេះមានការប្រគំតន្ត្រីចំនួន ២កន្លែងទៀតផងដែរ។

រយៈពេលបីថ្ងៃមកនេះ បុណ្យទន្លេបានទទួលវត្តមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសប្រមាណ ១៣០០នាក់ ដោយនៅថ្ងៃទីមួយទទួលបានប្រមាណជាង៣ម៉ឺននាក់ នៅថ្ងៃទីពីរដែលជាថ្ងៃបើកពិធីបុណ្យជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១០ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់នេះទទួលបានប្រមាណជាង ១៦ម៉ឺននាក់ទៀត។

លោកមន្ត្រី ថោង ខុន បានបង្ហាញការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី៦នេះ ដែលបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ រីឯការពង្រឹងសន្តិសុខ សណ្ដា​ប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ជាដើមនោះ ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ។

ក្នុងនោះផងដែរលោកបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋបន្តចូលរួមថែរក្សា
សុខ​សន្ដិភាព ស្ថិរភាពនយោបាយជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តទៅមុខទៀត ដើម្បីឱ្យកម្ពុជាបន្តការអភិវឌ្ឍជឿនលឿនតទៅអនាគត ហើយលោករដ្ឋមន្ត្រី ថោង ខុន បានរំឭកនូវអនុសាសន៍ទាំង៦ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេនារាត្រីម្សិលមិញជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ មន្ត្រីរាជការដែលមានវត្តមាននៅក្នុងកម្មវិធីបិទបុណ្យទន្លេនោះ។

ថ្វីដ្បិតក្នុងពិធីបុណ្យទន្លេគ្មានការភ័យខ្លាចពីជំងឺកូវីដ១៩ លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការភ័យខ្លាចចំពោះបញ្ហាជំងឺ Covid-19 ខ្លាំងហួសហេតុពេក ទោះបីជាជំងឺនេះជាជំងឺឆ្លង ប៉ុន្តែវាក៏អាចព្យាបាលឱ្យជាសះស្បើយវិញបានដែរ។ ទោះយ៉ាងណា ដើម្បីការពារខ្លួនពីជំងឺដង្កាត់នានាទុកជាមុន ក៏ត្រូវថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ និងត្រូវលាងដៃនឹងសាប៊ូ ហើយនៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះនឹងកន្សែង ឬក្រមាខ្មែរ ដើម្បីការពារកុំឱ្យឆ្លងទៅដល់អ្នកដទៃផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធីបិទបុណ្យទន្លេខាងលើ លោករដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្ត ងួន រតនៈ ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរបរទេស ក្រុមសិល្បករ-សិល្បការិនីជាច្រើននាក់ បានចូលរួមរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ៕

Facebook Comments
Loading...