តាញ់ មករា ជួបបាង កាយាក ដណ្តើមជើងឯក ខណៈកីឡាករថៃជួបគ្នាត្រូវគេលើកឡើងថាមិនល្អមើល

0
102

ភ្នំពេញ ៖ កីឡាករតាញ់ មករា អ្នកប្រដាល់របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឡើងដណ្តើមជើងឯក និងកីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ចំណែកកីឡាករថៃពីររូបមានកីឡាករវិតថៈយ៉ាយុទ្ធ ឡើងដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងកីឡាករផេតក្រៀងក្រៃ នា​ថ្ងៃ​សៅរ៍ទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២០នេះ។

កីឡាករស្រករក្រោយតាញ់ មករា គេ​នឹង​ត្រូវ​ជួប​បាង កាយាក ក្នុង​ប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមក ហើយកីឡាករទាំងពីរនាក់នេះគឺជាអ្នកឈ្នះដូចគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងមក។ តាញ់ មករា គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។

តាញ់ មករា ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេ​​វ៉ៃ​អាង​តែលើកម្លាំងបាយ​តែប៉ុណ្ណោះ ​តែមួយរយះមក​គេ​វាយ​ចេញ​ដោយកណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោ​ល​ដៅ​បានច្រើន មួយៗ​តែ​ធ្ងន់​ចំណែក​ ឯ​ការពារ​របស់​គេ​ ក៏បាន​ល្អ​និង​រឹងមាំ​ផង​ដែរ។

ចំណែកកីឡាករកម្ពុជាបាង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រ​ទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបាង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបាង កាយាក និងកីឡាករតាញ់ មករា នរណាជាអ្នកឈ្នះទទួលបានជើងឯកនេះ?។

ដោយឡែកកីឡាករថៃវិតថៈយ៉ាយុទ្ធ ជួបកីឡាករថៃផេតក្រៀងក្រៃ ដណ្តើមយកលេខ៣នេះ ត្រូវអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ការជួបគ្នារវាងកីឡាករថៃដូចគ្នានេះមិនសូវល្អមើលឡើយព្រោះ ពួកគេវាយមិនអស់ពីសមត្ថភាព ដោយគួកគេជិះឡានមកជាមួយគ្នា ដេកជាមួយគ្នាដូចនេះការចាញ់ឈ្នះអាចអោយកីឡាករណាម្នាក់ឈ្នះក៍បានដែរ គឺការប្រកួតលុមៗមកយកតែប្រាក់រង្វាន់ត្រឡប់ទៅស្រុកវិញប៉ុណ្ណោះ។ ចាំមើលកីឡាករម្នាក់ណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...