មនុស្ស៤​នាក់បាន​ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយ​សាររថយន្ត​ដឹក​ទឹក​បើក​លឿន​ជ្រុល ក្រឡាប់​លើ​កង់បី និង​ម៉ូតូ

0
458

កណ្តាល ៖ មនុស្ស​ប្រុស​ស្រី​ ក្មេង​ចាស់​មួយ​គ្រួសារ​មាន​គ្នា៤នាក់ (បូក​ទាំង​គភ៌​ក្នុង​ផ្ទៃ) បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម ខណៈ​អ្នកដំណើរ ៣​នាក់ផ្សេងទៀត រង​របួស​ធ្ងន់​ ក្នុង​ហេតុការណ៏​គ្រោះថ្នាក់​ចរាចរណ៏​គួរ​ឲ្យ​រន្ធត់​មួយ បណ្តាលមកពី​រថយន្ត​ដឹក​ទឹក ក្រឡាប់​កិន​ពី​លើ​កង់​បី​ឥណ្ឌា ដែលហេតុការណ៍​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង៦ព្រឹក ថ្ងៃ​ទី២៦ ខែកុម្ភះ ឆ្នាំ ២០២០ ស្ថិត​នៅ​ចំណុច​ស្តុប​ព្រែកហូ ផ្លូវ​ជាតិ​លេខ ២ ភូមិ​តា​ក្តុល​ខាង​ត្បូង សង្កាត់​តាក្តុល ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

ប្រភព​ព័ត៍មាន​ពី​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មានអ្នក​ដំណើរ​មួយ​ក្រុម ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​កង់បី និង​រថយន្ត​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ លុះ​ដល់​ចំណុច​ភ្លើង​ស្តុប​ត្រង់​កន្លែង​កើត​ហេតុខាងលើ ក៏​បាន​ចត​ឈប់ រងចាំ​ភ្លើង​សញ្ញាបៃតង ប៉ុន្តែ​ស្រប​ពេល​នោះ មាន​រថយន្ត​ដឹក​ទឹក​មួយ​គ្រឿង​បើកបរ​ទិស​ដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ព្រោះ​ប្រញាប់​ឲ្យ​ទាន់​ភ្លើង​ស្តុប​បៃតង ដោយ​អ្នក​បើក​បរ​រថយន្ត​ដឹក​ទឹក​ជាន់​ហ្គែរ​ថយន្ត​បន្ថែម និង​បួង​ចង្កូត​បម្រុង​បត់​ស្តាំ​ក្នុង​ល្បឿនលឿន បែរ​ទប់​ជំហរ​មិន​ជាប់ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​សង្កត់​ចំ​ជន​រងគ្រោះ​ជា​ច្រើន​នាក់​កំពុង​ឈប់​នៅ​ភ្លើង​ស្តុប មាន​ទាំង​កង់បីឥណ្ឌ មាន​អ្នក​ជិះ ៤នាក់ មាន​ប្តី ប្រពន្ធ កូនតូចម្នាក់ និងកូនក្នុងផ្ទៃ រួម​នឹង​ម៉ូតូ៣គ្រឿងទៀត បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់៤នាក់ និង​របួស​ធ្ងន់៣​នាក់ ដោយ​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​​តាម​រថយន្ត​ សង្គ្រោះ ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ។

ដោយ​ឡែក អ្នក​បើក​រថយន្ត​បង្ក បាន​បើក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​បាត់ ខណៈ​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ និង​ស្ទូច​យក​រថយន្ត​បង្ក ម៉ូតូ​កង់បី ម៉ូតូ​ជន​រងគ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ។ ចំណែកសពមួយ​គ្រួសារ​មាន​គ្នា ៤នាក់ សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ 

 

Facebook Comments
Loading...