អ្នកលក់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​​ល្បីបញ្ចេញ​​កេរខ្មាស ​ថៃ ស្រី​នាង ត្រូវសមត្ថកិច្ចហៅមកដុសក្អែលហើយ

0
427

ភ្នំពេញ ​៖​ នាព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ទួលគោក ​ហៅតារា​ហ្វេ​ស​ប៊ុ​ក​ និង​ជា​អ្នកលក់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ល្បីឈ្មោះ​តាម​ការ Live​វីដេអូ​ស្លៀកពាក់​សិច​ស៊ី​ស្រើបស្រាល​សម្ញែង​អស់​កេរខ្មាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​អ្នកនាង​វ៉ែន រចនា ហៅ ថៃ ស្រី​នាង ​ទៅ​អប់រំ​ណែនាំ ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​Live​វីដេអូ​ស្លៀកពាក់​សិច​ស៊ី។

ការ​កោះហៅ​ទៅ​ព្រមាន ​និង​អប់រំ​នេះ​ បាន​ធ្វើឡើង​ ខណៈ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​ ដោយ​បាន​បញ្ជា​ឲ្យ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ត្រូវ​ចាត់វិធានការ​ក្ដៅ​បិទ​រាល់​ការ​Live​លក់​ផលិតផល​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​មាន​ភាព​សិច​ស៊ី​បញ្ចេញ​អស់​កេរខ្មាស​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ និង​មាន​អំពើ​ចាប់​រំលោភ​លើ​កុមារ​ជាដើម។

ដោយឡែក​បើ​យោង​តាម​កិច្ចសន្យា​របស់ ថៃ ស្រី​នាង បាន​ទទួល​ស្គាល់​កំហុស​ដោយ​បញ្ជាក់​ថា​ចំពោះ​ការ​Live លក់​ផលិតផល​ និង​សម្លៀក​បំពាក់​លក់​តាម​Online ​រយៈពេល​កន្លងមក​ នាង​បាន​ស្លៀកពាក់​មាន​ភាព​ស៊ិចស៊ី លិចលើ​ ខើច​ក្រោម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ និង​កិត្តិយស​របស់​ស្ដ្រី​ខ្មែរ វប្បធម៌​ប្រពៃណី​ជាតិ និង​ច្បាប់​ជា​ធរមាន។

នៅ​ក្នុង​កិច្ចសន្យា​ដដែល​នេះ ​អ្នកលក់​ផលិតផល​សិច​ស៊ី ថៃ ស្រី​នាង បាន​បន្តទៀតថា ​នាង​សូម​សន្យា​ថា ​នឹង​ដកចេញ​នូវ​រាល់​រូបភាព​ស៊ិ​ច​ស៊ី អាក្រាត ក្នុង Page របស់ខ្លួន​ដែល​បាន​ផុស​កន្លងមក​។​ដូច្នេះ​សូម​សន្យាថា​ឈប់​បង្ហោះ​រូបភាព ស៊ិ​ច​ស៊ី អាក្រាត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ទៀត​ឡើយ ​ប្រសិនជា​ថ្ងៃក្រោយ​នាង​មិន​គោរព​តាម​កិច្ចសន្យា​ខាងលើ​នាង​សុខចិត្ដទ​ទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទាំងស្រុង​ចាប់ពី​ថ្ងៃនេះ​តទៅ។

ជាមួយ​គ្នា​នេះ ​ក្រៅតែ​ពី​ធ្វើ​កិច្ចសន្យា​ខាងលើ​ ថៃ ស្រី​នាង ក៏បាន​ធ្វើ​វីដេអូ​សុំទោស​ជា​សាធារណៈ​ដោយ​លើក​ឡើង​ថា ​នាង​ខ្ញុំ​សូម​ធ្វើការ​សុំទោស​ដល់​មហាជន​ព្រោះ​កន្លងមក​ បាន​ធ្វើការ​បង្ហោះ​ចែករំលែក​រូបភាព ​និង​វីដេអូ ​ដែល​មាន​លក្ខណៈ​សិច​ស៊ី​ជ្រុល​ហួស​នាំ​ឲ្យ​ប្រាសចាក​ពី​ប្រពៃណី ​និង​ទំនៀម​ទម្លាប់​ខ្មែរ ​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ។ ខ្ញុំ​សង្ឃឹម​ថា​ បងប្អូន​ និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ នឹង​អនុគ្រោះ​លើកលែង​កំហុស​ដល់​នាង​ខ្ញុំ នាង​ខ្ញុំ​ក៏បាន​សន្យា​ឈប់​បន្ត​សកម្មភាព​នេះ​ទៀត​ដែរ។

ដោយឡែក​បើ​តាម​ប្រភព​ បាន​បង្ហើប​ថា​ សមត្ថកិច្ច នឹង​បន្ដ​ស្រាវជ្រាវ​ចាត់​វិធានការ​ចំពោះ​អ្នកលក់​ផលិតផល​តាម​អនឡាញ​លើ​បណ្ដាញ​សង្គម Facebook​ឯទៀត​ ដែល​សិច​ស៊ី​ និង​បញ្ចេញ​កេរខ្មាស​ជ្រុល​ហួសហេតុ​ទៅ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ផង​ដែរ៕

Facebook Comments
Loading...