គឹម វាសនា និងលន បញ្ញា ជួបកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
1023

ភ្នំពេញ ៖ កីឡាករជើងខ្លាំងគឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេស​ឆ័ត្រយោង​៩១១ កៀកស្មារនិងកីឡាករលន បញ្ញា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ឡើងដណ្តើមប្រាក់លានជាមួយ​កីឡាករជន​ជាតិ​ថៃផេតដាំ ផេតចិន្តា និងកីឡាករវិថៈយ៉ាយុទ្ធ និធិណាយក្វាម នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

រវាងកីឡាករគឹម វាសនា និងកីឡាករ​ថៃផេតដាំ ផេតចិន្តា ប្រកួតគ្នាក្នុង​ប្រ​ភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់​ជួបគ្នាទេនាពេលកន្លងមក​នៅសង្វៀននេះ កីឡាករឡាវម្នាក់នេះមិនទាន់ដឹងថា គេមាន​កណត់ត្រាប្រកួតបែបណានោះទេ តែកី​ឡា​ករថៃដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និង​ជង្គង់ ព្រមទាំងស្នៀតកាច់ផ្តួល។ ទោះជា​យ៉ាង​​ណា អ្នក​ប្រដាល់​ថៃផេតដាំ ផេតចិន្តា ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ​ គឹម វាសនា បាននោះឡើយ ព្រោះថា​គឹម វាសនា​ ពេល​នេះគេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ។

​គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នេះ។ ​ក្រោយ​ពេលឆ្លងកាត់​ការប្រកួត​ជាមួយ​កីឡាករបរទេស​ជាច្រើនលើក​កន្លងមក​នោះ បានធ្វើ​ឲ្យ​គេមានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺគ្មាន​ញញើត​ខ្លាចរអា​អ្វី​បន្តិច​ឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមាន​កណ្តាប់ដៃ​ល្អ វាយ​ចេញ​ចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ​ គឹម វាសនា និងកីឡាករ​ថៃផេតដាំ ផេតចិន្តា ​តើន​រណាជាអ្នក​ឈ្នះបានប្រាក់លាន​នោះ?។

ដោយឡែកកីឡាករស្រករក្រោយលន បញ្ញា ត្រូវជួបជាមួយកីឡាករថៃវិថៈយ៉ាយុទ្ធ និធិណាយក្វាម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ដោ​យ​សារលន បញ្ញា ជាកីឡាករជើងថ្មីទើបវាយឡើងរហូតបានប្រកួតជាមួយកីឡាករបរទេស ចំណែកកីឡាករថៃគេធា្លប់មកបប្រកួតនៅស្រុកខ្មែរច្រើនដងមកហើយ មានឈ្នះចាញ់ជាមួយកីឡាករជួមុខរបស់កម្ពុជា។

រីឯកីឡាករលន បញ្ញា គេជាកីឡាករស្រករក្រោយទេតែស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើ​យ​គេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។ ចាំមើលលន បញ្ញា ជាអ្នកឈ្នះឬកីឡាករថៃវិថៈយ៉ាយុទ្ធ និធិណាយក្វាម ទទួលបានប្រាក់លាន?៕

Facebook Comments
Loading...