ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ និងកីឡាករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបប្រកួតជាមួយកីឡាករជើងខ្លាំងថៃផេតក្លា ស៊ីតថាន់វ៉ាឡេក និងកីឡាករយ៉តមុងឃុន ផេតចិន្តា នៃការប្រកួតលក្ខណៈមិត្តភាពអន្តរៈជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទោត្យទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ។
កីឡាករមឿង សុខហ៊ុយ ដែលត្រូវជួបជាមួយកីឡាករជនជាតិថៃផេតក្លា ស៊ីតថាន់វ៉ាឡេក ក្នុងប្រភេទទម្ងន់៦៥គីឡុក្រាម ដែលអ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេនៅសង្វៀននេះនាពេលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯកីឡាករមឿង សុខ ហ៊ុច ត្រូវបានគេមើលឃើញថា ដើរលុកលុយរករឿងតាមបណ្តាសង្វៀនទួរទស្សន៍ជាមួយអ្នកប្រដាល់ជើងចាស់ដែលខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យសសើរ។ មឿង សុខហ៊ុច គេមានកាយសម្បទារឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរប្រកួតរបស់ខ្លួន ពិបាកទប់ទល់ និងជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការវាយចេញរបស់សុខហ៊ុច ធ្ងន់ហើយរហ័ស ជាពិសេសស្នៀតជើងទាត់ និងជង្គង់ របស់គេខ្លាំងណាស់អាចបញ្ចេញបានភ្លាមៗស្របជាមួយដៃតែម្តង។ ប៉ុន្តែយ៉ាងណា មឿង សុខហ៊ុច ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់វាយចេញហើយមិនសូវការពាវិញនោះទេដែលធ្វើឲ្យដៃគូប្រកួតឆាប់ដឹងពីចំណុចខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាចយកឈ្នះកីឡាករថៃផេតក្លា ស៊ីតថាន់វ៉ាឡេក បានដែរឬយ៉ាងណា?។
ដោយឡែកកីឡាករសេក គឹមសាន្ត ត្រូវជួបជាមួយកីឡាករថៃយ៉តមុងឃុន ផេតចិន្តា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់នេះជាកីឡាករជើងថ្មីដូចគ្នា ដោយសេក គឹមសាន្ត ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃហ៊្វើនហ្វា ស៊ីតណាយុកថៃ ជាជើងថ្មីមកប្រកួតនៅសង្វៀននេះ ហើយមិនទាន់ដឹងថាកីឡាករជើងថ្មីថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។
ចំណែកកីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសេក គឹមសាន្ត និងកីឡាករថៃយ៉តមុងឃុន ផេតចិន្តា នរណាជាអ្នកឈ្នះ?៕