គឹម វាសនា ដឹកដៃឌុម កែវដា សាកកណ្តាប់ដៃនិងកីឡាករថៃ

0
65

ភ្នំពេញ ៖ កីឡាករជើងខ្លាំងគឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេស​ឆ័ត្រយោង​៩១១ ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃដាវដាំង ខណៈ​កីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងស្វាគមន៍​កីឡាករជន​ជាតិ​ថៃភិតសង្ហា សាកកណ្តាប់ដៃ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

រវាងកីឡាករគឹម វាសនា និងកីឡាករថៃដាវដាំង ប្រកួតគ្នាក្នុង​ប្រ​ភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់​ជួបគ្នាទេនាពេលកន្លងមក​នៅសង្វៀននេះ កីឡាករថៃម្នាក់នេះមិនទាន់ដឹងថា គេមាន​កណត់ត្រាប្រកួតបែបណានោះទេ តែកី​ឡា​ករថៃភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និង​ជង្គង់ ព្រមទាំងស្នៀតកាច់ផ្តួល។ ទោះជា​យ៉ាង​​ណា អ្នក​ប្រដាល់ថៃដាវដាំង​ ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ​ គឹម វាសនា បាននោះឡើយ ព្រោះថា​ គឹម វាសនា​ ពេល​នេះគេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ។
​គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ​ក្នុង​ប្រភេទ​ទម្ងន់​៦៧ ​គីឡូក្រាម​នេះ ក្រោយ​ពេលឆ្លងកាត់​ការប្រកួត​ជាមួយ​កីឡាករបរទេស​ជាច្រើនលើក​កន្លងមក​នោះ បានធ្វើ​ឲ្យ​គេមានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺគ្មាន​ញញើត​ខ្លាចរអា​អ្វី​បន្តិច​ឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមាន​កណ្តាប់ដៃ​ល្អ វាយ​ចេញ​ចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ​ គឹម វាសនា និងដាវដាំង ​តើន​រណាជាអ្នក​ឈ្នះ​នោះ?។

ដោយកីឡាករមុខស្រស់ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃភិតសង្ហា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ជាមួយកីឡាករលំដាប់ជួមុខរបស់កម្ពុជា ហើយស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ។

ចំណែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ក្នុងការប្រកួត​នេះក៍ត្រូវ​បាន​អ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដ​ជា​ឈ្នះ​ជាក់​ជាមិន​ខាន ព្រោះគេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយក្នុងទឹក​ដីខ្លួនឯង​ទៀតផង។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃភិតសង្ហាបានដែរឫយ៉ាង​ណា?​៕

Facebook Comments
Loading...