ភ្នំពេញ ៖ កីឡាករជើងខ្លាំងគឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃដាវដាំង ខណៈកីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងស្វាគមន៍កីឡាករជនជាតិថៃភិតសង្ហា សាកកណ្តាប់ដៃ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
រវាងកីឡាករគឹម វាសនា និងកីឡាករថៃដាវដាំង ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់ជួបគ្នាទេនាពេលកន្លងមកនៅសង្វៀននេះ កីឡាករថៃម្នាក់នេះមិនទាន់ដឹងថា គេមានកណត់ត្រាប្រកួតបែបណានោះទេ តែកីឡាករថៃភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និងជង្គង់ ព្រមទាំងស្នៀតកាច់ផ្តួល។ ទោះជាយ៉ាងណា អ្នកប្រដាល់ថៃដាវដាំង រូបនេះ មិនប្រាកដថាអាចឈ្នះ គឹម វាសនា បាននោះឡើយ ព្រោះថា គឹម វាសនា ពេលនេះគេរឹងមាំទាំងកាយសម្បទា ខ្លាំងទាំងស្នៀតប្រដាល់ បន្ទាប់ពីគេជួបប្រកួតជាមួយថៃច្រើននាក់កន្លងមកនេះ។
គឹម វាសនា ឥឡូវគេជាជើងខ្លាំងរបស់កម្ពុជា ក្នុងប្រភេទទម្ងន់៦៧ គីឡូក្រាមនេះ ក្រោយពេលឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេសជាច្រើនលើកកន្លងមកនោះ បានធ្វើឲ្យគេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេវាយជាមួយថៃ ដូចវាយជាមួយខ្មែរគ្នាឯងអីចឹង គឺគ្មានញញើតខ្លាចរអាអ្វីបន្តិចឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមានកណ្តាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ គឹម វាសនា និងដាវដាំង តើនរណាជាអ្នកឈ្នះនោះ?។
ដោយកីឡាករមុខស្រស់ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃភិតសង្ហា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ជាមួយកីឡាករលំដាប់ជួមុខរបស់កម្ពុជា ហើយស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ។
ចំណែកកីឡាករជើងខ្លាំងវ័យក្មេង ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ក្នុងការប្រកួតនេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដជាឈ្នះជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយក្នុងទឹកដីខ្លួនឯងទៀតផង។ ចាំមើលកីឡាករឌុម កែវដា អាចយកឈ្នះលើកីឡាករថៃភិតសង្ហាបានដែរឫយ៉ាងណា?៕