វិទ្យាល័យហ៊ុនសែនពញាពន់ បានរៀបចំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០

0
1129

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាល័យហ៊ុនសែនពញាពន់ បានរៀបចំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ក្រោមអធិបតីភាព លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីក្រុមការងារចុះជួយសង្កាត់ពញាពន់ ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សសរុបចំនួន៤៥០នាក់។

ក្នុងនោះលោកស៊ឹម សុផង់ បានលើកឡើងថាយុវវ័យគឺជាវ័យស្វែងរកចំណេះវិជ្ជា មានកាតព្វកិច្ចរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដូចនេះក្មួយៗ មិនត្រូវ គេចសាលា ឬទៅប្រព្រឹត្តអំពើអបាយ មុខផ្សេងៗនោះឡើយ ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង ភ្លេចការរៀនសូត្រ។ ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង គឺគ្មានទទួលបានផលប្រយោជន៍អ្វីឡើយ គឺមានតែធ្វើឲ្យខាតបង់ពេលវេលា ប្រាក់កាស សុខភាព និងកិត្តយស ដល់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិថែមទៀតផង។

លោកបន្តថា ត្រូវមានការភ្ញាក់រលឹក ចេះស្រវា ស្រទេញ យកចំណេះដឹង, ជំនាញ វិជ្ជាជីវៈ សម្រាប់ជីវិតផ្ទាល់ខ្លួន ឱ្យបានប្រកបដោយ ភាពថ្លៃថ្នូរ ជាពិសេស យល់ឲ្យបានច្បាស់ថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ, ជាទ្រព្យគាប់ប្រសើរពុំអាចចោលួច ឬ ឆក់យកបានឡើយ ប្រើច្រើនកាន់តែកើនឡើង និងអាច រួម ចំណែកធភិវឌ្ឍសង្គម លើកតម្កើងកិត្យានុភាពជាតិឱ្យ កាន់តែខ្ពស់ត្រដែត និង ចម្រើនរុងរឿងប្រកបដោយសុខដុមរមនា។

គួរបញ្ជាក់ថា រដ្ឋបាលខណ្ឌបានឧបត្ថម្ភថវិកាជូនដល់វិទ្យាល័យចំនួន២០០.០០០៛ លោក ជា វីរៈ អភិបាលរងខណ្ឌ បានឧបត្ថម្ភថវិកាជូនសិស្សពូកែសរុប២១នាក់ ម្នាក់ៗទទួលបានប័ណ្ណសរសើរ សៀវភៅ ប៊ិច និងថវិកាចំនួន២០.០០០៛ លោក ស៊ឹមម សុផង់ នាយករដ្ឋបាលខណ្ឌ បានឧបត្ថម្ភថវិកាជូនសិស្សចូលរួមសរុប៣៨៩នាក់ ម្នាក់ៗទទួលថវិកា៥.០០០៛ និងជូនថវិកាលោកគ្រូ អ្នកគ្រូ សរុបចំនួន២៤នាក់ ម្នាក់ៗទទួលបាន២០.០០០៛ ថវិកាសរុបចំនួន ៣.០៤៥.០០០៛៕

Facebook Comments
Loading...