លោកសុខ សម្បត្តិ អំពាវឲ្យសិស្សានុសិស្សប្រឹងប្រែងរៀនសូត្រនិងចៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ

0
1075

ភ្នំពេញ ៖ ថ្លែងសំណេះសំណាលក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យបឹងប្រីយ៍ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១ខែ វិច្ឆិកា ឆ្នាំ២០១៩នេះលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅបានផ្តាំផ្ញើ ដល់សិស្សានុ សិស្ស ទាំងអស់ ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេច ខ្លួន ត្រូវសិក្សាពីដើមឆ្នាំទៅ ចាប់ពីថ្នាក់ដំបូងរហូតដល់វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបាន គ្រប់ៗគ្នា ខណៈដែលរាជរដ្ឋា ភិបាលកម្ពុជាបានធ្វើកំណែទម្រង់វិស័យអប់រំ តាមរយៈការរឹតបន្តឹង ពេលប្រឡង។ក្នុងដំណាក់កាលនេះ បើក្មួយៗមិន ខិតខំរៀនសូត្រទេ ក្មួយៗមិនអាចមានឱកាស ប្រឡងជាប់ឡើយ។

លោក អភិបាលខណ្ឌ បានលើកឡើងថាយុវវ័យគឺជាវ័យស្វែងរកចំណេះវិជ្ជា មានកាតព្វកិច្ចរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដូចនេះក្មួយៗ មិនត្រូវ គេចសាលា ឬទៅប្រព្រឹត្តអំពើអបាយ មុខផ្សេងៗនោះឡើយ ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង ភ្លេចការរៀនសូត្រ។ ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង គឺគ្មានទទួលបានផលប្រយោជន៍អ្វីឡើយ គឺមានតែធ្វើឲ្យខាតបង់ពេលវេលា ប្រាក់កាស សុខភាព និងកិត្តយស ដល់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិថែមទៀតផង។

លោកបន្តថា ត្រូវមានការភ្ញាក់រលឹក ចេះស្រវា ស្រទេញ យកចំណេះដឹង, ជំនាញ វិជ្ជាជីវៈ សម្រាប់ជីវិតផ្ទាល់ខ្លួន ឱ្យបានប្រកបដោយ ភាពថ្លៃថ្នូរ ជាពិសេស យល់ឲ្យបានច្បាស់ថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ, ជាទ្រព្យគាប់ប្រសើរពុំអាចចោលួច ឬ ឆក់យកបានឡើយ ប្រើច្រើនកាន់តែកើនឡើង និងអាច រួម ចំណែកធភិវឌ្ឍសង្គម លើកតម្កើងកិត្យានុភាពជាតិឱ្យ កាន់តែខ្ពស់ត្រដែត និង ចម្រើនរុងរឿងប្រកបដោយសុខដុមរមនា។

លោកសុខ សម្បត្តិ បានជំរុញឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់  សូមចូលរួមទាំងអស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងការរៀន ការគោរពវិន័យសាលា ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទាំងអស់ ខំប្រឹងរៀនសូត្រ មានចំណេះដឹង ពិតប្រាកដ ក្លាយជាទំពាំងស្នងឫស្សីជា សរសរទ្រូងរបស់ ប្រទេសជាតិ ទៅថ្ងៃអនាគត។ដោយឡែក សម្រា​ប់ មាតា បិតា អាណាព្យាបាលសិស្ស ត្រូវ ផ្ដល់ឱកាស និងលទ្ធភាព ដល់កូនៗក្នុងការសិក្សារៀនសូត្រ និងរួមចំណែកក្នុងការការតាមដានកូនចៅរបស់ខ្លួនឲ្យបានជាប់លាប់ ដើម្បីតម្រង់ទិសឲ្យពួកគេដើរលើផ្លូវត្រូវ ទើបសម្រេច បានជោគជ័យក្នុងការសិក្សា។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភថវិកាចំនួន១លានរៀល ដល់វិទ្យាល័យ បឹងប្រីយ៍ និងសាលាបឋមសិក្សាបឹងប្រីយ។ ជូនដល់សិស្សឆ្លើយសំនួរ ២នាក់ក្នុងម្នាក់ថវិកាចំនួន៥ម៉ឺនរៀល ជូនសម្ភារៈសិក្សាដល់សិស្សពូកែ ដែលកំពុងសិក្សានៅសាលាទាំង២ខាងលើ ព្រមទាំងថវិកា១ចំនួនទៀត ដល់អតីតគ្រូបង្រៀន ដែលបានចូលនិវត្សរ៍ ផងដែរ៕

Facebook Comments
Loading...