ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានគណបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានក្រើនលំលឹកដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវត្រៀមកម្លាំងសហការ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ជាពិសេសការពារដាច់ខាតមិនអោយក្រុមចលនាឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត នាថ្ងៃទី៩វិច្ឆិកា ខាងមុខនោះឡើយ។
សារក្រើនរំលឹកជាថ្មី នេះធ្វើឡើងក្នុងពិធីសំណេះសំណាល ចែកឯកសណ្ឋាន និងមួកការពារសុវត្ថិភាព ដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ នាល្ងាចថ្ងៃទី០១ ខែវិចឆ្ឆិកា ឆ្នាំ២០១៩នេះ។ លោកសុខ សម្បត្តិបានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះ ក្រុមចលនាឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី មានការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្តួលរំលំរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដែលទង្វើទាំងនេះ គឺបង្ហាញឲ្យឃើញថា ពួកទាំងនោះប្រឆាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតចលនាសង្រ្គោះជាតិដើម្បីបង្កអសន្តិសុខ នៅផ្ទៃក្នុងប្រទេស។
លោកបន្ដថា ដូចជាការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំ ការគ្រោងបង្កើតតំបន់អនុប្បគមន៍នៅតាមព្រំដែន ការពង្រឹងខ្សែរយៈចាត់តាំងការជ្រើសរើស សកម្មជនតាមខេត្ត ការញុះញង់គៀងគរកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ពលករ និងពលរដ្ឋការប្រើសង្រ្គាមចិត្តសាស្រ្ត ដើម្បីបំពុលព័ត៌មាន តាមសង្គមអ្វីជាដើមនោះ។
លោកបានសង្កត់ធ្ងន់ថា «ក្នុងនាមកងកម្លាំងសណ្តាប់ធ្នាប់ ក៍ដូចជាកម្លាំងប្រដាប់អាវុធរបស់ខណ្ឌព្រែកព្នៅ គឺត្រូវចូលរួមការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវត្រៀមខ្លួន គ្រប់ពេលវេលា ដើម្បីស្តាប់បទបញ្ជារបស់ ថ្នាក់ដែលដាក់ជូន ខណៈក្រុមឧទ្ទាមក្រៅច្បាប់ព្យាយាមធ្វើសកម្មភាពណាមួយ ដែលនាំឲ្យប្រទេសជាតិមានភាពវឹកវរជាដើមនោះ»។
ជាមួយគ្នានោះលោកអភិបាលខណ្ឌ ក៍បានឲ្យកម្លាំងទាំងអស់ត្រៀមខ្លួន និងសម្ភាររួចជាស្រេចសម្រាប់ បទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន ហើយត្រៀមខ្លួនជានិច្ចសម្រាប់ចាប់ជនក្បត់ជាតិ និងក្រុមឧទ្ទាមក្រៅច្បាប់ ដែលធ្វើព្យុះធ្វើភ្លៀងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកំពុងមានសព្វថ្ងៃនេះ។
ជាងនេះទៅទៀតលោកសុខ សម្បត្តិ ក៏បានអំពាវនាវដល់កម្លាំងក្នុងខណ្ឌព្រែកព្នៅទាំងអស់ ត្រូវតែថែរក្សាឲ្យបានខ្ចាប់ខ្ជួន នៅសម្ភារបរិក្ខារបស់ខ្លួន ដែលថ្នាក់លើប្រគល់ឲ្យ ហើយត្រូវតែត្រៀមខ្លួនជានិច្ច សម្រាប់អន្តរាគមន៍ ខណៈដែលថ្នាក់ដឹកនាំបញ្ជានោះ៕