សុខ សាវិន និងឌុម កែវដា ឡើងសាកស្នៀតគុនជាមួយកីឡាករថៃ

0
908

ភ្នំពេញ ៖ កីឡាករសុខ សាវិន អ្នកប្រដាល់នៃក្លិបប៉ែនកាក់គុនខ្មែរ កៀកស្មារជា​មួយកីឡាករជើងខ្លាំងឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងតតាំងជាមួយកីឡាករថៃទួនប៉េ និងកីឡាករឌែនភិឈិត នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ។

កីឡាករសុខ សាវិន ជួបកីឡាករថៃទួនប៉េ នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ តែយ៉ាងណាកីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ កណ្តាប់ដៃ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហរ។

ចំណែកសុខ សាវិន បច្ចប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ស្នៀតខ្លាំងរបស់គេគឺ​ជង្គង់ និង​កែង ដែលអាចប្រើប្រយោលក៍បានចូលកៀកក៍បាន ហើយមានភាពប៉ិនប្រសព្វក្នុងការប្រើបានល្អទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រ​ដា​ល់លើកឡើងថា សុខ សាវិន មាន​ភាគរយ​ខ្ពស់​បំផុត ក្នុងការ​យក​ឈ្នះ​ថៃ​រូប​នេះ ព្រោះគេកំពុងឡើងកូដខ្លាំង ហើយឈ្នះប្រៀបខាងកម្ពស់ទៀត។ ចាំមើលរវាងសុខ សាវិន និងកីឡាករថៃទួនប៉េ នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករសំពោងជ័យ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃឌែនភិឈិត ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនដែលជួបគ្នាដែរ។កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

បើទោះជាប្រមាណ៥ប្រកួតចុងក្រោយឌុម កែវដា គេធ្វើមិនសូវបានល្អជាមួយកីឡាករថៃក្តី ក្នុងការប្រកួត​នេះក៍ត្រូវ​បាន​អ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដ​ជា​ឈ្នះ​ជាក់​ជាមិន​ខាន ព្រោះក្នុងទឹក​ដីខ្លួនឯង​ទៀតផង និងគេធ្លាប់ឆ្លងកាត់ការប្រកួតជាមួយកីឡាករថៃជាច្រើននាក់មកនោះ។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃឌែនភិឈិត បានដែរឫយ៉ាង​ណា?​៕

Facebook Comments
Loading...