ម៉ឺន មេឃា ដណ្តើមយកលេខ១ ខណៈពុទ្ធ សំបូរ ដណ្តើមយកលេខ៣ ជាមួយកីឡាករថៃ

0
743

ភ្នំពេញ ៖ កីឡាករម៉ឺន មេឃា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករថៃលីងលំ ដើម្បីដណ្តើមយកលេខ១ ខណៈកីឡាករពុទ្ធ សំបូរ អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ជួបកីឡាករថៃរ៉ាជឆាវ៉ាត់ ដណ្តើមយកលេខ៣ នៅលើសង្វៀនស៊ីអ៊ិនស៊ី នា​ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

កីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃលីងលំ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងវគ្គជម្រុះកន្លងមក ការប្រកួតជម្រុះកន្លងមកកីឡាករទាំងពីរគឺឈ្នះដូចគ្នារហូតមក ដោយកីឡាករកម្ពុជាម៉ឺន មេឃា បានឈ្នះលើកីឡាករថៃ ចំណែកកីឡាករថៃលីងលំ បានយកឈ្នះលើកីឡាករកម្ពុជា ស្នៀតខ្លាំងរបស់កីឡាករថៃគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករម៉ឺន មេឃា គេចេះប្រើក្បាច់ទាំងដៃ ទាំងជើង ជង្គង់ និងកែងគឺគ្រប់ស្នៀតតែម្តង ហើយមួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។ កីឡាករវ័យក្មេងរូប​នេះ​មិន​ទាត់​ដឹង​ថា​ខ្លួន​ឯង​មាន​ស្នៀត​ខ្លាំង​ណា​មួយ​ ឬ​ឲ្យ​ច្បាស់​ដូច​ឪពុក​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ធ្លាប់​ឮ​ម្ដាយ​សរសើរ​ថា​ស្នៀត​ទាត់​គឺ​ដូច​គ្នា​ តែ​នៅ​ស្រាលជាងឪពុក។​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ខាង​លើ​ ធ្លាប់ប្រាប់​ពី​ចំណុច​ខ្វះខាត​រប​ស់​ខ្លួន​ផងដែរ​ថា​ គួរ​ត្រូវ​ពង្រឹង​ស្នៀត​ចាប់​ឡាំ​ជង្គង់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ព្រោះ​នៅ​ខ្សោយ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃលីងលំនរណាជាអ្នកឈ្នះទទួលបានលេខ១?​។

ដោយឡែកកីឡាករពុទ្ធ សំបូរ ត្រូវជួបជាមួយកីឡាកថៃរ៉ាជឆាវ៉ាត់ ក្នុងប្រភេទ​ទម្ង​ន់​៦០គីឡូក្រាមផងដែរ អ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេកន្លងមក ក្នុងការប្រកួតជម្រុះរបស់កីឡាករទាំងពីរបានឈ្នះលើគូប្រកួតដូចគ្នា តែមកចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានត្រឹមដណ្តើមយកចំណាត់លេខ៣ប៉ុណ្ណោះ។ កីឡាករថៃរ៉ាជឆាវ៉ាត់ គេខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯការប្រកួតរបស់ពុទ្ធ សំបូរ​ កន្លង​មក​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង កលល្បិច​ប្រកួត​ល្អ និង​មាន​ផ្លែ​ល្អ ហើយ​មួយទៀត សំបូរ​ មាន​សមត្ថភាព​ប្រដាល់​ខ្ពស់​ថែមទៀត។ ប៉ុន្តែ ពុទ្ធ សំបូរ ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាលលើកីឡាករថៃរ៉ាជឆាវ៉ាត់ ​បានដែរ ដោយ​ត្រូវ​ប្រុង​ប្រយ័ត្នជានិច្ច បើប្រហេសច្បាស់ជាចាញ់មិនខាន។ យ៉ាងណាការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ គេ​នៅ​តែ​រំពឹងថា​ពុទ្ធ សំបូរ ជា​អ្នកឈ្នះ​ច្រើនជាងចាញ់។ ចាំមើលកីឡាករពុទ្ធ សំបូរ អាច​យក​ឈ្នះលើកីឡាករថៃរ៉ាជឆាវ៉ាត់ យកបានលេខ៣ឬយ៉ាងណា?៕

Facebook Comments
Loading...