បាង កាយាក និងវ៉ាន់ វឿន ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃ និងកីឡាករអ៊ីរ៉ង់

0
852

ភ្នំពេញ ៖ កីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃយ៉តមុងឃុន ខណៈកីឡាករវ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ដណ្តើមប្រាក់លាននិងកីឡាករអ៊ីរ៉ង់ Ghodratisraskan នា​ថ្ងៃ​សៅរ៍ទី២១ ខែ​កញ្ញា ឆ្នាំ២០១៩នេះ។

កីឡាករបាង កាយាក ត្រូវជួបជាមួយកីឡាករយ៉តមុងឃុន នេះក្នុងប្រភេទទម្ងន់៦០គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។

ចំណែកកីឡាករកម្ពុជាបាង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រ​ទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបាង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបាង កាយាក និងកីឡាករថៃយ៉តមុងឃុន នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?។

រីឯកីឡាករវ៉ាន់ វឿន ដែលត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់ Ghodratisraskan ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាវិជ្ជាគុនរបស់កីឡាករអ៊ីរ៉ង់ Ghodratisraskan ខ្លាំងប៉ុណ្ណានោះទេ តែយ៉ាងណាកីឡាករដែលហាត់នៅប្រទេសថៃភាគច្រើនពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករ វ៉ាន់ វឿន ការប្រកួតរបស់គេកន្លងមកគេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់តែម្តង ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​កី​ឡាករអ៊ីរ៉ង់​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា កីឡាករកម្ពុជាវ៉ាន់ វឿន អាច​​យកឈ្នះលើកីឡាករអ៊ីរ៉ង់ Ghodratisraskan បាន​ឬ​អត់​នោះទេ?។ ចាំមើលរវាងកីឡាករទាំងពីរនាក់នេះ នរណាជាអ្នកឈ្នះ​ទទួលបានប្រាក់លាន?៕

Facebook Comments
Loading...