ភ្នំពេញ ៖ កីឡាករម៉ឺន មេឃា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករថៃលីងលំ ដើម្បីដណ្តើមយកលេខ១ ខណៈកីឡាករពុទ្ធ សំបូរ អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ជួបកីឡាករថៃរ៉ាជឆាវ៉ាត់ ដណ្តើមយកលេខ៣ នៅលើសង្វៀនស៊ីអ៊ិនស៊ី នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ។
កីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃលីងលំ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងវគ្គជម្រុះកន្លងមក ការប្រកួតជម្រុះកន្លងមកកីឡាករទាំងពីរគឺឈ្នះដូចគ្នារហូតមក ដោយកីឡាករកម្ពុជាម៉ឺន មេឃា បានឈ្នះលើកីឡាករថៃ ចំណែកកីឡាករថៃលីងលំ បានយកឈ្នះលើកីឡាករកម្ពុជា ស្នៀតខ្លាំងរបស់កីឡាករថៃគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
ចំណែកកីឡាករម៉ឺន មេឃា គេចេះប្រើក្បាច់ទាំងដៃ ទាំងជើង ជង្គង់ និងកែងគឺគ្រប់ស្នៀតតែម្តង ហើយមួយរយៈពេលចុងក្រោយនេះ គេមើលឃើញថា អ្នកប្រដាល់វ័យក្មេងរូបនេះប្រកួតស្ទើរគ្រប់សង្វៀន និងទទួលបានជ័យជម្នះរហូតផងដែរ។ កីឡាករវ័យក្មេងរូបនេះមិនទាត់ដឹងថាខ្លួនឯងមានស្នៀតខ្លាំងណាមួយ ឬឲ្យច្បាស់ដូចឪពុកនៅឡើយទេ ប៉ុន្តែធ្លាប់ឮម្ដាយសរសើរថាស្នៀតទាត់គឺដូចគ្នា តែនៅស្រាលជាងឪពុក។ អ្នកលេងគុនខ្មែរវ័យក្មេងខាងលើ ធ្លាប់ប្រាប់ពីចំណុចខ្វះខាតរបស់ខ្លួនផងដែរថា គួរត្រូវពង្រឹងស្នៀតចាប់ឡាំជង្គង់ឲ្យបានច្រើនជាងនេះ ព្រោះនៅខ្សោយ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃលីងលំនរណាជាអ្នកឈ្នះទទួលបានលេខ១?។
ដោយឡែកកីឡាករពុទ្ធ សំបូរ ត្រូវជួបជាមួយកីឡាកថៃរ៉ាជឆាវ៉ាត់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមផងដែរ អ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេកន្លងមក ក្នុងការប្រកួតជម្រុះរបស់កីឡាករទាំងពីរបានឈ្នះលើគូប្រកួតដូចគ្នា តែមកចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានត្រឹមដណ្តើមយកចំណាត់លេខ៣ប៉ុណ្ណោះ។ កីឡាករថៃរ៉ាជឆាវ៉ាត់ គេខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯការប្រកួតរបស់ពុទ្ធ សំបូរ កន្លងមកគេមានកម្លាំងស៊ុហ្វខ្លាំង កលល្បិចប្រកួតល្អ និងមានផ្លែល្អ ហើយមួយទៀត សំបូរ មានសមត្ថភាពប្រដាល់ខ្ពស់ថែមទៀត។ ប៉ុន្តែ ពុទ្ធ សំបូរ ក៏មិនអាចធ្វេសប្រហែសឬមើលស្រាលលើកីឡាករថៃរ៉ាជឆាវ៉ាត់ បានដែរ ដោយត្រូវប្រុងប្រយ័ត្នជានិច្ច បើប្រហេសច្បាស់ជាចាញ់មិនខាន។ យ៉ាងណាការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ គេនៅតែរំពឹងថាពុទ្ធ សំបូរ ជាអ្នកឈ្នះច្រើនជាងចាញ់។ ចាំមើលកីឡាករពុទ្ធ សំបូរ អាចយកឈ្នះលើកីឡាករថៃរ៉ាជឆាវ៉ាត់ យកបានលេខ៣ឬយ៉ាងណា?៕