ភោជនីយដ្ឋាន បៀរហ្គាឌិន សូមចូលរួមអនុញ្ញាតិឲ្យជនពិការចូលច្រៀងដើម្បីគ្រាន់បានជាកម្រៃដោះស្រាយជីវភាព

0
300

ភ្នំពេញ ៖ ក្រសួងទេសចរណ៍លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិនទាំងឡាយណា ដែលបានអនុញ្ញាតឱ្យជនពិការចូលច្រៀង និងសម្តែងទស្សនីយភាពសិល្បៈខ្លីៗ ដើម្បីគ្រាន់បានជាកម្រៃដោះស្រាយជីវភាពរស់នៅកាន់តែប្រសើរឡើងថែមទៀត។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ពិធីបើកសិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារ ក្នុងវិស័យទេសចរណ៍» ក្នុងគោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន មានពិការភាព និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលចំពោះជនមានពិការភាពផ្តល់ឱកាសការងារ លើកទឹកចិត្តដល់ជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង ចូលបម្រើការងារ។

លោក ហោ សារុន អនុរដ្ឋលេខាធិការ និងប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិនទាំងឡាយណា ដែលបានអនុញ្ញាតឱ្យជនពិការចូលច្រៀង និងសម្តែងទស្សនីយភាពសិល្បៈខ្លីៗ ដើម្បីគ្រាន់បានជាកម្រៃដោះស្រាយជីវភាពរស់នៅកាន់តែប្រសើរឡើងថែមទៀត។

រាជរដ្ឋាភិបាលបានប្តេជ្ញាជ្រើសរើសជនមានពិការភាព ដើម្បីធ្វើការនៅក្នុងស្ថាប័ន របស់ក្រសួងចំនួន ២%។ ដើម្បីធានា នូវការដាក់បញ្ចូល និងការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព ក្នុងវិស័យបច្ចេកវិទ្យានិងអាយស៊ីធីកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យស្តីពី ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់យុវជន ដែលមានពិការភាពដែលទទួលជ័យលាភីពីការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។

ជាក់ស្ដែងក្នុងឆ្នាំ២០១៤ កន្លងទៅ មេដាយមាស លំដាប់មេដឹកនាំព័ត៌មានវិទ្យាមកពី Global IT Challenge (GITC) នៅអាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រគល់ជូនយុវជនពិការកម្ពុជា។ ជាក់ស្តែង ជ័យលាភីមួយចំនួនត្រូវបានលើកទឹកចិត្តឱ្យធ្វើជាមន្រ្តីរាជការ នៅក្នុងស្ថាប័នរដ្ឋាភិបាល។

ដើម្បីផ្តល់ស្តង់ដារសុខភាពខ្ពស់បំផុតសម្រាប់ជនមានពិការភាព កម្ពុជាបានបង្កើតក្របខណ្ឌគោលនយោបាយ ការគាំពារសង្គម ដែលគោលនយោបាយនេះនឹងបន្តអនុវត្តគម្រោងប្រាក់ឧបត្ថម្ភ សម្រាប់ជនមានពិការភាពនៅថ្នាក់សហគមន៍ ដោយផ្តោតទៅលើជនមានពិការភាពដែលជាសមាជិកគ្រួសារដែលមានបណ្ណក្រីក្រ។ ជនមានពិការភាពបានសេវាថែទាំសុខភាព និងការព្យាបាលពីមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ថ្លៃម្ហូបអាហារ និងថ្លៃធ្វើដំណើរក្នុងកំឡុងពេលព្យាបាល៕

Facebook Comments
Loading...