ម៉ឺន មេឃា កៀកស្មារនិងសេន កុសល ឡើងដណ្តើម៣ពិន្ទុពីកីឡាករថៃ

0
1029

ភ្នំពេញ ៖ កីឡាករម៉ឺន មេឃា អ្នកប្រដាល់មកពីក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កៀកស្មារនិងកីឡាករសេន កុសល អ្នកប្រដាល់នៃមោងឬស្សីមរកតកូនខ្មែរខេត្តបាត់ដុះបង ជួបកីឡាករថៃយ៉តនិយម និងកីឡាករថៃភិតដាំ ក្នុងវគ្គជម្រុះជុំទី១ឆ្ពោះទៅដណ្តើមខ្សែក្រវាត់ ខណៈកីឡាករជើងខ្លាំងនី សុភី អ្នកប្រដាល់របស់ក្លិបសាលវ៍ន្តកីឡា ឡើងសាកកណ្តាប់ដៃនិងកីឡាករថៃភិតឧប៊ុន នៅលើសង្វៀនស៊ីអ៊ិនស៊ី នា​ល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

កីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃយ៉តនិយម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃនេះមានវិជ្ជាគុនខ្លាំងប៉ុន្មាននោះដែរ។ ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។

កីឡាករវ័យក្មេងរូប​នេះចេះប្រើគ្រប់ស្នៀតទាំងដៃទាំងជើង និងស្នៀតកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយវាយចំគោលដៅបានល្អទៀតផង តែយ៉ាងណាអ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​រូបនេះនៅខ្វះចំណុច​​ស្នៀត​ចាប់​ឡាំ​ជង្គង់​​ ព្រោះ​នៅ​ខ្សោយ។ ចាំមើលម៉ឺន មេឃា ជាអ្នកឈ្នះទទួលបាន៣ពិន្ទុឬកីឡាករថៃ?។

ចំណែកកីឡាករសេន កុសល ត្រូវជួបកីឡាករថៃភិតដាំ ក្នុងប្រ​ភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយដែរ មានឈ្នះមានចាញ់ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯសេន កុសល ​កាល​ទើប​លេច មុខ​ដំបូង ​ហាក់ដូចជា ​វ៉ៃ​បាន​គ្រាន់បើ​ តែ​មួយ​រយៈ​នេះ គេ​ហាក់ដូចជា​ ស្រុត​ចុះ​ច្រើន​ ដោយ​គេ​ឆាប់​ស្រុត​កម្លាំង​គឺ​ចាប់ពី​ចុង​ទឹក​ទី៣ ទៅ​កម្លាំង​របស់​គេ​ធ្លាក់​ចុះ​ខ្លាំង​តែ​ម្ដង​ដែល​នេះ​បង្ហាញ​ថា​ការ​ហ្វឹកហាត់ របស់​គេ​មិន​បាន​គ្រប់គ្រាន់។ បើទោះជាយ៉ាងនេះក្តីស្នៀតប្រកួតរបស់គេ ទាំងដៃទាំងជើងនៅអាចបញ្ចេញបានដូចមុនដដែល។ ចាំមើលការប្រកួតនេះសេន កុសល ជាអ្នកឈ្នះទទួលបាន៣ពិន្ទុឬកីឡាករថៃភិតដាំ?។

ដោយឡែកកីឡាករនី សុភី ដែលជួបជាមួយកីឡាករថៃភិតឧប៊ុន ក្នុងប្រភេទទម្តន់៦៩គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ អ្នកប្រដាល់នី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។ ចាំមើលរវាងនី សុភី និងភិតឧប៊ុន នេះនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...