ភ្នំពេញ ៖ កីឡាករម៉ឺន មេឃា អ្នកប្រដាល់មកពីក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កៀកស្មារនិងកីឡាករសេន កុសល អ្នកប្រដាល់នៃមោងឬស្សីមរកតកូនខ្មែរខេត្តបាត់ដុះបង ជួបកីឡាករថៃយ៉តនិយម និងកីឡាករថៃភិតដាំ ក្នុងវគ្គជម្រុះជុំទី១ឆ្ពោះទៅដណ្តើមខ្សែក្រវាត់ ខណៈកីឡាករជើងខ្លាំងនី សុភី អ្នកប្រដាល់របស់ក្លិបសាលវ៍ន្តកីឡា ឡើងសាកកណ្តាប់ដៃនិងកីឡាករថៃភិតឧប៊ុន នៅលើសង្វៀនស៊ីអ៊ិនស៊ី នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
កីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃយ៉តនិយម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃនេះមានវិជ្ជាគុនខ្លាំងប៉ុន្មាននោះដែរ។ ចំណែកកីឡាករម៉ឺន មេឃា មួយរយៈពេលចុងក្រោយនេះ គេមើលឃើញថា អ្នកប្រដាល់វ័យក្មេងរូបនេះប្រកួតស្ទើរគ្រប់សង្វៀន និងទទួលបានជ័យជម្នះរហូតផងដែរ។
កីឡាករវ័យក្មេងរូបនេះចេះប្រើគ្រប់ស្នៀតទាំងដៃទាំងជើង និងស្នៀតកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយវាយចំគោលដៅបានល្អទៀតផង តែយ៉ាងណាអ្នកលេងគុនខ្មែរវ័យក្មេងរូបនេះនៅខ្វះចំណុចស្នៀតចាប់ឡាំជង្គង់ ព្រោះនៅខ្សោយ។ ចាំមើលម៉ឺន មេឃា ជាអ្នកឈ្នះទទួលបាន៣ពិន្ទុឬកីឡាករថៃ?។
ចំណែកកីឡាករសេន កុសល ត្រូវជួបកីឡាករថៃភិតដាំ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយដែរ មានឈ្នះមានចាញ់ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯសេន កុសល កាលទើបលេច មុខដំបូង ហាក់ដូចជា វ៉ៃបានគ្រាន់បើ តែមួយរយៈនេះ គេហាក់ដូចជា ស្រុតចុះច្រើន ដោយគេឆាប់ស្រុតកម្លាំងគឺចាប់ពីចុងទឹកទី៣ ទៅកម្លាំងរបស់គេធ្លាក់ចុះខ្លាំងតែម្ដងដែលនេះបង្ហាញថាការហ្វឹកហាត់ របស់គេមិនបានគ្រប់គ្រាន់។ បើទោះជាយ៉ាងនេះក្តីស្នៀតប្រកួតរបស់គេ ទាំងដៃទាំងជើងនៅអាចបញ្ចេញបានដូចមុនដដែល។ ចាំមើលការប្រកួតនេះសេន កុសល ជាអ្នកឈ្នះទទួលបាន៣ពិន្ទុឬកីឡាករថៃភិតដាំ?។
ដោយឡែកកីឡាករនី សុភី ដែលជួបជាមួយកីឡាករថៃភិតឧប៊ុន ក្នុងប្រភេទទម្តន់៦៩គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ អ្នកប្រដាល់នី សុភី នរណាក៏ទទួលស្គាល់ថា គេមានស្នៀតជង្គង់ល្អដែរ ពេលប្រកួតរាល់លើក សុទ្ធតែផ្តួលដៃគូតស៊ូពីក្បាច់ជង្គង់ពិឃាតរបស់គេនេះតែម្តង។ ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរៈជាតិ សុភីគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់នេះណាស់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បានហើយមានប្រសិទ្ធិភាពទៀត។ ចាំមើលរវាងនី សុភី និងភិតឧប៊ុន នេះនរណាជាអ្នកឈ្នះ?៕