កូយ ឡាយ និង​អេលិត ចំរើន ជួបកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
96

ភ្នំពេញ ៖ កីឡាករកូយ ឡាយ អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១កៀកស្មានិង​កីឡាករអេលិត ចំរើន អ្នកប្រដាល់របស់ក្លិបឆ្មារសសែនសុខគុនខ្មែរ ឡើងដណ្តើមប្រាក់លាន​និង​កីឡា​ករ​ថៃភិតអិនថង និងកីឡាករថៃ​សេកសាន់ នៅលើសង្វៀនCNC នាថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ។

កីឡាករកូយ ឡាយ ត្រូវជួបជាមួយកីឡាករថៃភិតអិនថង នេះក្នុង​ប្រ​ភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមកនៅលើសង្វៀននេះ ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

រីឯកីឡាករស្រករក្រោយកូយ ឡាយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយកូយ ឡាយ បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កូយ ឡាយ មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ តែទោះជាយ៉ាងណាសម្រាប់​ការជួបគ្នារវាង ​កូយ ឡាយ និងកីឡាករថៃភិតអិនថង នេះមិនមាន​នរណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ។ ចាំមើលរវាងកូយ ឡាយ និងនឿប៉ាក់ថាក់ភី វ៉.ស៊ុងនឺន នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករអេលីត ចំរើន ត្រូវជួបប្រកួតជាមួយកីឡាករថៃសេកសាន់ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វើននេះនាពេលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេងអេលីត ចំរើន បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការប្រកួត​នេះត្រូវ​បាន​អ្នកវិភាគប្រដាល់អះ​អាង​អេលីត ចំរើន និងកីឡាករថៃសេកសាន់ មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើល​រវាងកី​ឡាក​រ​អេលីត ចំរើន កីឡាករថៃសេកសាន់ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?​៕

Facebook Comments
Loading...