ភ្នំពេញ ៖ កីឡាករផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ ត្រូវគេផហគូផ្គងឲ្យជួបកីឡាករប្រេស៊ីលLAMEC ខណៈកីឡាករធន់ អៀងឡៃ អ្នកប្រដាល់របស់សមាគន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបជាមួយកីឡាករថៃវីហ្គោ ដើម្បីសាកវិជ្ជាគុន នាថ្ងៃសៅទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករផាន់ គ្រាន់ ជួបជាមួយកីឡាករប្រេស៊ីលLAMEC នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះកន្លងមក កីឡាករប្រេស៊ីលLAMEC នេះហ្វឹកហាត់នៅប្រទេសថៃដូចនេះស្នៀតខ្លាំងរបស់គេមិនខុសពីកីឡាករថៃប៉ុន្មានឡើយ គឺជង្គង់ និងស្នៀតទាត់កាត់។ រីឯកីឡាករផាន់ គ្រាន់ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែគេមានកម្ពស់រាងទាបបន្តិចប៉ុណ្ណោះ។
ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានអះអាងថា ផាន់ គ្រាន់ មានភាគរយឈ្នះច្រើនលើកីឡាករប្រេស៊ីលម្នាក់នេះ ព្រោះផាន់ គ្រាន់ គេជាអ្នកប្រដាល់ ជោកជាំជាមួយនឹងសង្វៀន យូរឆ្នាំមកហើយ ការប្រកួតរាល់លើកគេវាយអស់ពីសមត្ថភាព បើទោះជាដឹងថាដៃគូររបស់ខ្លួនគេមានប្រៀបជាខ្លួនក៍ដោយ។ ចាំមើលកីឡាករផាន់ គ្រាន់ និងកីឡាករប្រេស៊ីលLAMEC នណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករជើងខ្លាំងវ័យក្មេង ធន់ អៀងឡៃ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ធន់ អៀងឡៃ មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាធន់ ចាន់តាក់ ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃវីហ្គោ នេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ធន់ អៀងឡៃ ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយក្នុងទឹកដីខ្លួនឯងទៀតផង។ ចាំមើលកីឡាករធន់ អៀងឡៃ អាចយកឈ្នះលើកីឡាករថៃវីហ្គោ បានដែរឫយ៉ាងណា?៕