ភ្នំពេញ ៖ កីឡាករទេស ជីវ៉ា អ្នកប្រដាល់ អ្នកប្រដាល់នៃក្លិបទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ត្រូវបានគេផ្គូផ្គងឲ្យជួបកីឡាករថៃភិតសង្ហា ខណៈកីឡាករស្រករក្រោយតាញ់ មករា ត្រូវជួបសាកកណ្តាប់ដៃជាមួយកីឡាករថៃណាក់រុប ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
កីឡាករទេស ជីវ៉ា ជួបកីឡាករថៃភិតសង្ហា នេះក្នុងប្រភទទម្ងន់៦៣.៥គីឡូក្រាម។កីឡាករថៃភិតសង្ហា គេធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជាច្រើននាក់មានឈ្នះ មានចាញ់ស្នៀតខ្លាំងរបស់គេជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ចំណែកទេស ជីវ៉ា គេពូកែស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយប្រយោងក៍បានចូលគៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង ដោយអាងលើកម្លាំងស៊ុហ្វខ្លាំងនេះហើយ ទើបការប្រកួតរាល់លើទេស ជីវ៉ា គេដើរចូលវាយទៅលើគូប្រកួតជានិច្ចមិនខ្លាចញញើតគូប្រកួតឡើយ។
ក្នុងជុំនួបគ្នារវាងកីឡាករទាំង២នាក់នេះ មិនមានអ្នកណាហ៊ានទស្សទាយមុនថា កីឡាករណាជាអ្នកឈ្នះនោះទេ បើកីឡាកររូបណាវាយរាងមើលងាយគូប្រកួតនោះ ច្បាស់ជាចាញ់មិនខាន។ ចាំមើលការប្រកួតនេះកីឡាករទេស ជីវ៉ា ឬកីឡាករថៃភិតសង្ហា នរណាជាអ្នកទទួលបានជ័យជំនះ?។
ដោយឡែកកីឡាករស្រករក្រោយធន់ មករា គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះណាក់រុប ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមកនៅសង្វៀននេះ។ ធន់ មករា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។
ធន់ មករា ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ និងកម្លាំងជើងទាត់ខ្លាំង តែមិនសូវសំបូរច្ចេកទេសនិងល្បិចកលប្រកួតប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេវ៉ៃអាងតែលើកម្លាំងបាយតែប៉ុណ្ណោះ តែមួយរយះមកគេវាយចេញដោយកណ្តាប់ដៃដាល់ត្រូវចំគោលដៅបានច្រើន មួយៗតែធ្ងន់ចំណែក ឯការពាររបស់គេ ក៏បានល្អនិងរឹងមាំផងដែរ។ ចាំមើលរវាងធន់ មករា ជាអ្នកឈ្នះឫកីឡាករថៃណាក់រុប?៕