ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យ អាជ្ញាធរសង្កាត់សំរោងប្រារព្ធពិធីបុណ្យមាឃបូជានៅវត្តច័ន្ទបូរីវង្ស

0
2492

ភ្នំពេញ ៖ រសៀលថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី អ៊ីវ ស៊្រី រួមនឹង ឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យ អាជ្ញាធរសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានមកជួបជុំគ្នានៅវត្តច័ន្ទបូរីវង្ស ហៅវត្តសំរោងជើង បានប្រារព្ធពិធីបុណ្យមាឃបូជាដើម្បីរំលឹកដល់ថ្ងៃប្រកាសបង្កើតនូវព្រះពុទ្ធសាសនា ដែលជាសាសននាដ៏ល្អផូរផង់នៅក្នុងចក្រវាលនេះ ដោយព្រះសមា្មសម្ពុទ្ធ ក្រោយពីព្រះអង្គបានត្រាស់ដឹងរយៈពេល៩ខែគត់។

ពិធីបុណ្យបានប្រព្រឹត្តិទៅតាមគន្លងប្រពៃណីនៃព្រះពុទ្ធសាសនា ដោយធ្វើពិធីដង្ហែរ ព្រះពុទ្ធរូប មាន ទៀនធូបផ្កាផ្ញីជាមួយផង ប្រទក្សិណ ៣ជុំព្រះវិហារ បន្ទាប់មកធ្វើពិធីនមស្សការ ព្រះរតនៈត្រៃ សមាទានសីល និមន្តព្រះសង្ឃចំរើន ព្រះបរិត្តនិងមានការសូត្រ នូវ ព្រះធ៌មជាច្រើនទៀត មានការសម្តែងធម្មទេសនា ព្រមទាំងធ្វើពិធីថ្វាយ ប្រទីប  និងគ្រឿងក្រអូបផ្សេងៗផងដែរ។

មាឃបូជា ជាបុណ្យ ដែលប្រជាពុទ្ធបរិស័ទតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងថ្ងៃទី១៥ កើតខែមាឃជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា។

សម្ដេចព្រះវនរ័ត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី៣ និងជា ព្រះមេគុណខណ្ឌព្រែកព្នៅ មានថេរដីកាថា ពិធីបុណ្យនេះធ្វើឡើងក្នុងបំណង ដើម្បីរំលឹកដល់ថៃ្ងដែលកើតឡើងនូវព្រឹត្តិការធំៗ២ក្នុងព្រះពុទ្ធសាសនា។ទី១គឺជា ថ្ងៃដែលព្រះសម្មាសម្ពុទ្ធសំដែងឱវាទបាតិមោក្ខ គឺហាមមិនឲ្យធ្វើអំពើអាក្រក់ទាំងពួង ដោយ កាយ វាចារ ចិត្ត ត្រូវធ្វើនូវអំពើល្អ ធ្វើចិត្តឲ្យស្អាតផូរផង់ប្រាសចាកគ្រឿងសៅហ្មងទាំងពួង។ទី២គឺជាថ្ងៃ ដាក់ជន្មាយុសង្ខាររបស់ព្រះអង្គ ដោយកំណត់ថា៣ខែទៀតព្រះអង្គនិងបរិនិព្វាន។

សម្ដេចព្រះវនរ័ត បានបញ្ជាក់ថាក្រៅពីគោលបំណងខាងលើពិធីបុណ្យក៏បានបង្ហាញពីប្រពៃណីវប្បធម៌ ការសាមគ្គីរវាងព្រះសង្ឃ និងគ្រហស្ថ ការយោគយល់អធ្យាស្រ័យគ្នាសម្រាប់ការរស់ នៅក្នុង សង្គមដែលជាមូលដ្ឋានគ្រឹះក្នុងការបង្កើតនូវសុខ សន្តិភាពក្នុងសង្គមជាតិទាំងមូល។

ព្រះពុទ្ធសាសនាត្រូវបានរដ្ឋធម្មនញ្ញនៃព្រះរាជាណាចក្រកម្ពុជាកំណត់ថាជាសាសនារបស់រដ្ឋ ប្រជាជនប្រមាណ៩០ភាគរយបានគោរពប្រណិបត្តិសាសនាព្រះពុទ្ធប៉ុន្ដែអ្វីដែលគួរឲ្យ កត់សម្គាល់នោះគឺ ក្នុងឱកាសបុណ្យមាឃបូជានេះ គេសង្កេតឃើញថានៅក្នុងឆ្នាំនេះ មានភាពអធិកអធមជាងឆ្នាំមុនៗ។ប៉ុន្តែទោះជាយ៉ាងណាក្នុងពិធីបុណ្យនេះ ប្រជាពលរដ្ឋ ពិសេស យុវជនចូលរួមមានចំនួនតិចតួចមិនដូចជាបុណ្យគ្រីសម៉ាសឫុបុណ្យដទៃទៀតឡើយ។

ក្នុងនាមជាពុទ្ធសាសនិកជនត្រូវនាំគ្នាធ្វើបុណ្យទានចូលរួមក្នុងពិធីបុណ្យព្រះពុទ្ធសាសនាឲ្យបានច្រើនដើម្បីជួយលើកតម្កើងដល់វិស័យព្រះពុទ្ធសាសនាផង និងទទួលបាននូវពុទ្ធោវាទ ពីព្រះសង្ឃផងដើម្បី អប់រំចិត្តឲ្យបានល្អដែលនឹងនាំយើងទៅរកសន្តិភាពផ្លូវចិត្តពិតប្រាកដ កាត់បន្ថយបាននូវជម្លោះ អំពើ ហឹង្សា ការឈ្នានីសនិងធ្វើឲ្យសង្គមមានការរីកចំរើន៕

Facebook Comments
Loading...