នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពីបទជួញដូរថ្នាំញៀន នៅភូមិលូ សង្កាត់ស្វាយប៉ាក

0
887

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍-ខណ្ឌ បានតាមបង្ក្រាបការជួញដូរគ្រឿងញៀនមួយករណី ក្នុងនោះដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយបញ្ចប់ការស្រាវជ្រាវភ្លាមៗ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ង្វៀង វាំងយឿង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងបទជួញដូរថ្នាំញៀន។

ប្រភពដដែលបានឲ្យដឹងទៀតថា ពេលកំពុងស្ថិតនៅក្នុងការតាមដានស្រាវជ្រាវ ទាំងកម្លាំងនគរបាលខណ្ឌ និងប៉ុស្ដិ៍ ត្រូវការចាំបាច់ណាស់លើពេលវេលា ដើម្បីធ្វើការកំណត់ពីមុខសញ្ញាឲ្យបានច្បាស់ និងទីតាំងដែលភាគច្រើនជនសង្ស័យតែងតែធ្វើសកម្មភាព ដោយមានតម្រុយល្អប្រសើរហើយ ទើបឈានទៅពួនស្ទាក់ ដើម្បីលបឆ្មក់បង្ក្រាប ដកហូតថ្នាំញៀន ចំនួន៦កញ្ចប់ និងឃាត់ខ្លួនជនសង្ស័យវៀតណាមនេះតែម្ដង។

ក្រោយបង្ក្រាបការជួញដូរថ្នាំញៀន និងឃាត់ខ្លួនជនសង្ស័យ ជាមួយវត្ថុតាង ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

Facebook Comments
Loading...