រឿង សោភ័ណ្ឌ និង​ធន់ ចាន់តាក់ ស្វាគមន៍កីឡាករថៃមកដណ្តើមប្រាក់លាន

0
748

ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ស្វាគមន៍កីឡាករថៃបូងើន មួយថៃយីម ខណៈកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់តាក់ អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករចៅប៊យ ស.សុផាត ដើម្បីដណ្តើមប្រាក់លាន នា​ថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៩នេះ នៅ​លើ​សង្វៀ​ន​ស៊ីអិនស៊ី។

កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ​ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត។ ដោយអ្នក​ប្រដាល់​រូប​នេះ មាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើនទាំង​ការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ ជាង១០០ប្រកួតទៅហើយ ហើយក៍បានឈ្នះពាននិងខ្សែក្រវាត់ជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។

កីឡាករដែល​មាន​ដើម​កំណើត នៅ​ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល រឿង សោភ័ណ្ឌ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុណ​ទាំងកម្លាំង​ស៊ុហ្វ ពោ​ល​គឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ធ្វើអោយ​កម្លាំង​ស៊ុហ្វ​របស់​គេ​ធានា​បាន​ក្នុងការ​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មានបញ្ហាឡើយ។ ចាំមើលជួបជាមួយកី​ឡា​ករ​ថៃ បូងើន មួយថៃយីមក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនេះរឿង សោភ័ណ្ឌ អាចរក្សាការឈ្នះ​របស់ខ្លួន​បានទៀតឫយ៉ាងណា?។

ដោយឡែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់តាក់ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ធន់ ចាន់តាក់ ក្នុងការជួបប្រកួតជាមួ​យកីឡាករថៃចៅប៊យ ស.សុផាត ក្នុងប្រភេទទម្ងន់៦៣.៥ គ.ក្រនេះ ប្រាកដ​ជា​ឈ្នះ​លើកីឡាករថៃជាក់ជាមិនខាន បើគេហាត់បានដិតដល់ហើយវាយមិនកម្រោល ដូចកាលកន្លងមក ព្រោះស្នៀតកែងដែលជាស្នៀតមុតស្រួចរបស់គេវាយបានគ្រប់កាលៈទេសៈ ហើយលឿនទៀតផង គ្រាន់តែវាយហើយមិនសូវការពារវិញធ្វើឲ្យគូប្រកួតដឹងពីចំណុចខ្សោយទាំងនេះ។ ចាំមើល​កី​ឡាក​រ​ធន់ ចាន់តាក់ អាចយកឈ្នះលើកីឡាករថៃចៅប៊យ ស.សុផាត បានដែរឫយ៉ាង​ណា?​៕

Facebook Comments
Loading...