ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ស្វាគមន៍កីឡាករថៃបូងើន មួយថៃយីម ខណៈកីឡាករជើងខ្លាំងវ័យក្មេង ធន់ ចាន់តាក់ អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករចៅប៊យ ស.សុផាត ដើម្បីដណ្តើមប្រាក់លាន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀត។ ដោយអ្នកប្រដាល់រូបនេះ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើនទាំងការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ ជាង១០០ប្រកួតទៅហើយ ហើយក៍បានឈ្នះពាននិងខ្សែក្រវាត់ជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។
កីឡាករដែលមានដើមកំណើត នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រឿង សោភ័ណ្ឌ មួយរយៈពេលចុងក្រោយនេះមានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុណទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធ្វើអោយកម្លាំងស៊ុហ្វរបស់គេធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាឡើយ។ ចាំមើលជួបជាមួយកីឡាករថៃ បូងើន មួយថៃយីមក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនេះរឿង សោភ័ណ្ឌ អាចរក្សាការឈ្នះរបស់ខ្លួនបានទៀតឫយ៉ាងណា?។
ដោយឡែកកីឡាករជើងខ្លាំងវ័យក្មេង ធន់ ចាន់តាក់ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ធន់ ចាន់តាក់ ក្នុងការជួបប្រកួតជាមួយកីឡាករថៃចៅប៊យ ស.សុផាត ក្នុងប្រភេទទម្ងន់៦៣.៥ គ.ក្រនេះ ប្រាកដជាឈ្នះលើកីឡាករថៃជាក់ជាមិនខាន បើគេហាត់បានដិតដល់ហើយវាយមិនកម្រោល ដូចកាលកន្លងមក ព្រោះស្នៀតកែងដែលជាស្នៀតមុតស្រួចរបស់គេវាយបានគ្រប់កាលៈទេសៈ ហើយលឿនទៀតផង គ្រាន់តែវាយហើយមិនសូវការពារវិញធ្វើឲ្យគូប្រកួតដឹងពីចំណុចខ្សោយទាំងនេះ។ ចាំមើលកីឡាករធន់ ចាន់តាក់ អាចយកឈ្នះលើកីឡាករថៃចៅប៊យ ស.សុផាត បានដែរឫយ៉ាងណា?៕