ពីធីប្រឡងថ្នាក់ជាតិលើកទី៣ កម្មវិធី UCMAS នៅកោះពេជ្រ រកឃើញកុមារកម្ពុជាឆ្នើមគិតលេខរហ័សចំនួន៥១នាក់ ក្នុងចំណោយកុមារ២១១៩

0
4539

ភ្នំពេញ ៖ កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៦ល្ងាច សាលាអាយឃីដ បានរៀបចំពិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៣ របស់ខ្លួន នៅមជ្ឈមណ្ឌលកោះពេជ្រ អាគារ G, H, I និង J ក្នុងគោលបំណងជ្រើសរើសកុមារកម្ពុជាឆ្នើម គិតលេខរហ័ស ចំនួន ៥១ នាក់ ក្នុងចំណោមកុមារ ២១១៩ នាក់ ដែលនឹងត្រូវឧបត្ថម្ភ ទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION លើកទី២៣ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។

កម្មវិធីនេះត្រូវបានចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម Ruzaimi Moha​mad តំណាងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា, លោកបណ្ឌិតសាស្ត្រាចារ្យ ឌីណូ វង្ស ស្ថាបនិក និងប្រធាន UCMAS អន្តរជាតិ, លោក លី សាឃុន ប្រធានសាលាអាយឃីដ ដែលជាអ្នកទទួលសិទ្ធផ្តាច់មុខកម្មវិធី UCMAS នៅក្នុងប្រទេសកម្ពុជា, កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា ,លោក បឺតណាត វង្ស នាយកប្រតិបត្តិនៃ UCMAS កម្ពុជា និង ជាទីប្រឹក្សាអប់រំមកពី UCMAS អន្តរជាតិ,លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, ប្រធានសាខាទាំង ៣៩ សាខា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក៏ដូចជាអាណាព្យាបាលសិស្សប្រមាណជាង ៥០០០នាក់។

លោក បណ្ឌិតសាស្ត្រាចារ្យ ឌីណូ វង្ស បានមានប្រសាសន៍ថា ឆ្នាំ២០១៨ ជាឆ្នាំទទួលបានសមិទ្ធផលប្រកបដោយជោគជ័យសម្រាប់ UCMAS រយៈពេល ២៥ ឆ្នាំក្នុងដំណើរការកម្មវីធី UCMAS កន្លងមកនេះក៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អស់លោក លោកស្រីទាំងអស់ដែលគាំទ្រកម្មវីធីនេះ។បន្ថែមពីនេះទៀតលោកបានបញ្ជាក់ថា កម្មវិធី UCMAS  ត្រូវបានដាក់ឱ្យសិក្សាក្នុងប្រទេសចំនួន១៥ ថែមទៀត ដូច្នេះនៅពេលនេះ UCMAS បានក្លាយទៅជា Universal Borderless Edu​ca​tion Concept សម្រាប់ពិភពលោកទាំងមូល ហើយវាជាប្រយោជន៍ទៅដល់កុមារជាង ២.៥ លាននាក់ លើប្រទេសទាំង ៧៩ និងលើទ្វីបទាំង៥។ជាចុងក្រោយ លោក បឺតណាត វង្ស បានធ្វើការផ្តែផ្តាំទៅកាន់សិស្សានុសិស្សទាំង ២១១៩នាក់ ឱ្យធ្វើការប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យលាភីសំរាប់វិញ្ញាសានីមួយៗ។ ក្នុងនោះ សំរាប់អ្នកទទួលជ័យលាភីក្នុងកម្មវិធីប្រឡងថ្នាក់ជាតិ នឹងទទួលបានការឧបត្ថម្ភពីសំណាក់ UCMAS Cambodia ដើម្បីចូលរួមប្រឡងថ្នាក់អន្តរជាតិលើកទី២៣ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៨​ ខាងមុខនេះ។

យើងពិតជាមានមោទនភាព ដោយសិស្ស UCMAS Cambodia ចំនួន ៥នាក់ បានដណ្តើមជ័យលាភីលេខ២ ក្នុងការប្រកួតថ្នាក់អន្តរជាតិលើកទី២២ ក្នុងឆ្នាំ២០១៧ ដោយមានការចូលរួមពីសិស្សានុសិស្ស ៣០០០នាក់ មកពីបណ្តាប្រទេសប្រមាណ ៤០ ប្រទេស។ សំរាប់ឆ្នាំនេះ យើងជឿជាក់យ៉ាងមុតមាំថា សិស្ស UCMAS Cam​bodia នឹងដណ្តើមយកជ័យលាភីជាថ្មីម្តងទៀត ក្នុងការប្រកួតថ្នាក់អន្តរជាតិខាងមុខនេះ។

ដោយឡែកលោក Ruzaimi Mohamad តំណាងឯកអគ្គរដ្ឋទូតរបស់ម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជាបានលើកឡើងថា កម្មវិធី UCMAS ជាកម្មវិធីមួយដែលលើកកម្ពស់គុណភាពនិងកម្រិតអប់រំនៅកម្ពុជាជាពិសេសជំនាញផ្នែកគណិតវិទ្យា។លោករំពឹងទុកថាចាប់ពីពេលនេះដល់ប៉ុន្មានឆ្នាំទៅមុខទៀតប្រសិនបើយើងជួបបុគ្គលម្នាក់ដែលជោគជ័យប្រាកដណាស់ពួកគេសុទ្ធសឹងតែជាមនុស្សដែលបានឆ្លងកាត់វគ្គសិក្សារបស់កម្មវិធីUCMAS។

ក្នុងឪកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់​ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានធ្វើការសំណេះសំណាលទៅកាន់ វត្តមានរបស់ឯកឧត្តម អ្នកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី អាណាព្យាបាល និងសិស្សានុសិស្ស  នៅក្នុងកម្មវិធីប្រឡងថ្ងៃនោះ ហើយលោកបណ្ឌិតសភាចារ្យ ក៏បានលើកឡើងថា ការអប់រំបន្ថែមក្រៅម៉ោងរបស់កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ UCMAS បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់គុណភាព នៃការអប់រំនៅកម្ពុជា ពោលគឺនៅពេលដែលកុមារមានការអភិវឌ្ឍន៍ខួរក្បាលបានល្អ មានការគិតរហ័សរហួន មានមូលដ្ឋានមុខវិជ្ជាគណិតវិទ្យាគ្រប់គ្រាន់ គឺពួកគេអាចចាប់យកនូវការសិក្សាមុខវិជ្ជាផ្សេងៗទៀត បានយ៉ាងងាយស្រួល ជាពិសេសលើការសិក្សាមុខវិជ្ជាទាក់ទងនឹង STEM និង STEAM ដែលជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យសម្រេចបាននូវគោលនយោបាយអភិវឌ្ឍឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរចំពោះការបង្កើតឲ្យមានការប្រឡងថ្នាក់ជាតិលើកទី៣នៃកម្មវិធី UCMAS ដែលជាកម្មវិធីជួយឲ្យការគណនាលេខរបស់សិស្សបានលឿន បន្ថែមលើនេះគឺជាជំរុញបំណិន និងបន្ថែមទុន ហ្វឹកហាត់ខួរក្បាល។ លោកបណ្ឌិតបន្តថា បំណិនផ្នែកគិតលេខពិតជាសំខាន់ នៅក្នុងការសិក្សាររៀនសូត្រ នៅថ្នាក់បន្ទាប់ៗទៀត ប្រើប្រាស់សម្រាប់បំពេញការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបណ្ឌិតលើកឡើងដែរថាការកម្មវិធីសិក្សានេះពិតជាសំខាន់ ហើយលោកបណ្ឌិតអរគុណសម្រាប់មាតាបិតាដែលបានគាំទ្រ និងបញ្ជូនកូនៗឲ្យមកសិក្សាជំនាញនេះបន្ថែមលើកម្មវិធីសិក្សានៅសាលា ដែលអាចបណ្តុះនូវភាពវៃឆ្លាត និងវិធីសាស្ត្រគិតលេខបានលឿន និងធ្វើឲ្យចំណេះដឹងរបស់កូនៗកាន់តែរឹងមាំសម្រាប់ថ្ងៃអនាគត៕

Facebook Comments
Loading...