ជនជាតិចិន ដែលផលិតបារីក្លែងក្លាយម៉ាក ESSE ត្រូវបញ្ជូនទៅតុលាការកាត់ទោសតាមផ្លូវច្បាប់

0
818

កណ្ដាល៖ ជនជាតិចិនទាំង២នាក់ នេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់តាមមាត្រា១១និងមាត្រា៦៤ ច្បាប់ស្តីពីពាណិជ្ជនាមនិងការប្រកួតប្រជែងមិនស្មោះត្រង់ ។

លោកងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមស៊ើបសួរ នៅល្ងាចថ្ងៃទី២៩ ខែសីហា នេះ ចេញដីកាអោយឃុំខ្លួនបុរសជនជាតិចិន២នាក់ ដែលបើកសិប្បកម្មផលិតបារីខុសច្បាប់តាមមាត្រា១១ សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជាម៉ាកមានដូចខាងក្រោម៖

ក.ចំពោះម៉ាកដែលទាក់ទងនឹងទំនិញ ឬសេវាដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ដើមជាមុនសិន។

ខ.ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្ដឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ដែលប្រើប្រាស់ដោយរំលោភលើម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមគឺមានសិទ្ធិប្ដឹងផងដែរ ចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាក ដែលខ្លួនបានចុះបញ្ជីរួចហើយនិងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញនិងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាកដែលចុះបញ្ជីរួចនោះហើយដែលអាចបណ្ដាលឱ្យមានការភាន់ច្រឡំជាសាធារណៈ។

គ.សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកនឹងមិនដាក់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ។

មាត្រា៦៤ ជនណាដែលក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូលហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀត ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានចែងនៅក្នុងមាត្រា១១ ចំណុចខ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ២០.០០០.០០០(ម្ភៃលាន) រៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥(ប្រាំ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បង្ក្រាបសិប្បកម្មផលិតបារីខុសច្បាប់នេះ នៅចំណុចឃ្លាំងជួលរបស់លោកគង់ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ លើផ្លូវលេខ២០១ ភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ប្រភពព័ត៌មាន បញ្ជាក់ថា ជនជាតិទាំងពីរនាក់ឈ្មោះ XU CHUI YAO និង ឈ្មោះ JIANG SHAO CONG ។

ការចុះបង្ក្រាបនៅពេលនេះ គឺ ធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ខ្មែរធីបងប្អូន អ៊ីម៉ិច ចុះបញ្ជីក្រោមលេខ០០២០៤៨៨ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មានវិញ្ញាបណ្ណបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខMOC-97673026ពណ ចបព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មានការិយាល័យកណ្តាលស្ថិតនៅ អគារលេខ១០០k ផ្លូវលេខ៥៨បភូមិទួលគោគ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញតំណាងដោយលោកស្រី សាត ដានេ ។

ក្រោយពីបានឆែកឆេរកឃើញបទល្មើសនេះ សមត្ថកិច្ចចាប់ដកហូតយកតែសំបកកញ្ចប់បារីម៉ាក ESSE និងនាំជនជាតិចិនពីរនាក់មកសាកសួរនៅស្នងការរដ្ឋាននគរ បាលខេត្តកណ្តាល។

ចំណែកបារីម៉ាកផ្សេងទៀតនិងសម្ភារៈវត្ថុធាតុដើមដែលបម្រើការក្នុងការផលិតបារី ត្រូវបានលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី សម្រេចក្លំបេបិទបណ្តោះអាសន្នរង់ចាំអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់ ៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...