កម្ពស់ទឹកទន្លេមេគង្គបានស្រកចុះវិញជាបន្តបន្ទាប់ រយៈពេល៣ថ្ងៃ គិតចាប់ពីល្ងាចថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤សីហានេះ

0
1092

ត្បូងឃ្មុំ៖ បើតាមការអោយដឹងពី ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តត្បូងឃ្មុំ លោក យា វឿន បានអោយដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ទឹកទន្លេមេគង្គ មានកម្ពស់ ១៥.០៩ម៉ែត្រ គឺបានស្រកចុះ ០.១៩ម៉ែត្រ បើធៀបនឹងម្សិលមិញ។ សូមបញ្ជាក់ថា កម្ពស់ទឹកដែលស្ថិតក្នុងការប្រុងប្រយ័ត្នប្រកាសអាសន្ន មាន កម្ពស់១៥.២០ម៉ែត្រ។យ៉ាងណាក៏ដោយ បើទោះបីជាទឹកស្រកស្ថិតក្រោមកំរិតប្រុងប្រយ័ត្នវិញហើយក៏ដោយ ប៉ុន្តែប្រជាជនដែលរងគ្រោះទឹកជំនន់លិចផ្ទះសំបែងដែលត្រូវ ផ្លាស់មករស់នៅលើទីទួលសុវត្តិភាពក្នុងខេត្តត្បូងឃ្មុំទាំងមូល នៅមិនទាន់បានត្រឡប់ទៅរស់នៅតាមលំនៅឋានវិញនៅឡើយទេ។ប្រជាពលរដ្ឋដែលរស់នៅតាមទីទួលសុវត្ថិភាពក្នុងភូមិទន្លេបិទ បានអោយដឹងថា ផ្ទះរបស់ពួកគាត់ បានលិចជ្រៅណាស់ កម្ពស់ទឹកលិចចាប់ពី១ម៉ែត្រ រហូតដល់៣ម៉ែត្រក៏មាន ជាហេតុដែលពួកគាត់ មិនទាន់អាចត្រឡប់ទៅរស់នៅវិញបាន។ ពួកគាត់បន្តថា ការមករស់នៅលើទីទួលសុវត្ថិភាពនេះ គឺមិនងាយស្រួលដូចការដែលរស់នៅតាមផ្ទះរៀងៗខ្លួននារដូវប្រាំងនោះទេ តែយ៉ាងណាក៏ល្អជាងទ្រាំរស់នៅលើផ្ទះដែលទឹកលិចនោះដែរ។អ្នកស្រុករស់នៅលើទួលសុវត្ថិភាពបានលើកឡើងថា ការមករស់នៅទីនេះ មានការគាំពារ សុវត្ថិភាព ពីសំណាក់ កងកំលាំង នគរបាល ប្រចាំការ២៤ម៉ោង រួមទាំងមាន ពេទ្យប្រចាំការផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះការប្រើប្រាស់ទឹកវិញ ក៏ត្រូវបានផ្ដល់ជូនដោយ កម្លាំងនគរបាល ស្រុកត្បូងឃ្មុំ ជាប្រចាំក្នុងមួយថ្ងៃ ចាប់ពី២ឡានឡើងទៅផងដែរ ៕

Facebook Comments
Loading...