អាជ្ញាធរជាតិអប្សរាកំពុងដំណើរការគម្រោងរៀបចំក្រាលក្ដារលើឫសឈើនៅប្រាសាទតាព្រហ្ម

0
201423

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែមីនា បានដំណើរការគម្រោងរៀបចំក្រាលក្ដារឈើ តាមឬសឈើធំៗ និងនៅតាមវង់ទស្សនារបស់ភ្ញៀវទេសចរ នៅប្រាសាទតាព្រហ្ម។ តាមការប៉ាន់ស្មាន គម្រោងនេះអាចនឹងបញ្ចប់នៅមុនរដូវវស្សាមកដល់។ 

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងញាប់ដៃញាប់ជើង រៀបចំក្រាលក្ដារនៅជុំវិញឬសឈើនៅប្រាសាទតាព្រហ្ម។ គេដឹងហើយថា ដើមឈើធំៗ និងឬសធំៗ ដែលមានវ័យចំណាស់នៅប្រាសាទតាព្រហ្ម គឺជាផ្នែកមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពួកគេតែងផ្តិតយកទិដ្ឋភាពទាំងនោះ នៅពេលបានមកដល់ប្រាសាទម្តងៗ។

ជាមួយនឹងកំណើនទេសចរជាច្រើនមកដល់ប្រាសាទតាព្រហ្ម វាក៏បានបង្កហានិភ័យផងដែរ។ ហានិភ័យត្រង់ភ្ញៀវទេសចរបានដើរជាន់ឬសឈើនៅក្រោមដីដោយមិនដឹងខ្លួន ដែលវានឹងបង្អាក់ដំណើរលូតលាស់របស់ដើមឈើទាំងនោះ។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ ដែលកំពុងដឹកនាំក្រុមការងាររៀបចំកម្រាលក្ដារនៅប្រាសាទតាព្រហ្ម បានថ្លែងថា គោលបំណងនៃការរៀបចំនេះ គឺដើម្បីបង្កើនការលូតលាស់របស់ដើមឈើ និងថែរក្សាបរិស្ថានជុំវិញឱ្យបានល្អប្រសើរឡើងវិញ។ តាមការបញ្ជាក់របស់មន្រ្តីព្រៃឈើ ទីតាំងឬសឈើចំនួន៦កន្លែង ដែលគ្រោងក្រាលក្ដារ និងនៅតាមវង់ទស្សនាប្រវែងជាង៤០០ម៉ែត្របន្ថែមទៀត។

តាមការបញ្ជាក់របស់លោក យិន សូវ៉ាត ឈើដែលយកមកប្រើប្រាស់នេះជាប្រភេទឈើគគីរ ដែលតាមការប៉ាន់ស្មានសរុបប្រហែលជាង ៧០ម៉ែត្រគីប ដែលវាអាចរក្សាគុណភាពបានពី៦ ទៅ៧ឆ្នាំ។ ក្រុមការងារកំពុងមមាញឹករៀបចំគម្រោងនេះ ដោយរំពឹងថា វានឹងរួចរាល់នៅមុនរដូវវស្សា ឬមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នៅក្នុងខែមិថុនា ខាងមុខ៕

Facebook Comments
Loading...