មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េបើកសិក្ខាសាលាលើកទី២ស្តីអំពី «កិច្ចអភិរក្សប្រាសាទព្រះពិធូរ»

0
23480

ក្រុមអ្នកជំនាញបុរាណវិទ្យាខ្មែរនិងកូរ៉េជាច្រើនរូប បានធ្វើបទបង្ហាញទាក់ទងនឹងកិច្ចការអភិរក្សប្រាសាទក្នុងតំបន់អង្គរ នៅក្នុងសិក្ខាសាលាស្តីអំពី «កិច្ចអភិរក្សប្រាសាទព្រះពិធូរ» ជាលើកទី២រៀបចំដោយគម្រោងជួសជុលប្រាសាទព្រះពិធូរ ដែលមានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ អញ្ជើញបើកកម្មវិធីដោយឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានអ្នកជំនាញខ្មែរ អ្នកជំនាញអន្តរជាតិជាច្រើនស្ថាប័នពាក់ព័ន្ធនឹងវិស័យជួសជុលអភិរក្សបេតិកភណ្ឌក្នុងតំបន់អង្គរចូលរួមជាច្រើននាក់ផងដែរ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវទាក់ទងការជួសជុល ការអភិរក្សប្រាសាទក្នុងតំបន់អង្គរ ពិសេសគឺក្រុមប្រាសាទព្រះពិធូរ ដែលទទួលខុសត្រូវការងារដោយអ្នកជំនាញកូរ៉េ។ ក្នុងសិក្ខាសាលានេះ ក៏មានបទបង្ហាញជាច្រើននិយាយអំពីការស្រាវជ្រាវអំពីវប្បធម៌ អរិយធម៌ខ្មែរ ការកំណាយស្រាវជ្រាវពីរចនាសម្ពន្ធសំណង់ប្រាសាទព្រះពិធូរ ស្ថាបត្យកម្មសំណង់ ចម្លាក់តាមប្រាសាទផ្សេងៗផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទព្រះពិធូរ គឺដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ មានទីតាំងនៅទល់មុខព្រះលានជល់ដំរី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ និងគ្រោងបញ្ចប់ជំហានដំបូងក្នុងឆ្នាំ២០១៨។ គម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរមានការងារ៣ធំដែលត្រូវធ្វើគឺ ការងារបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវចងក្រងឯកសារ និងការងារអភិរក្សជួសជុលស្តារឡើងវិញ៕

Facebook Comments
Loading...