ភ្នំពេញ:ព្រឹត្តិការណ៍TV5 Knock-Out Serie by K-Cementសម្រាប់ថ្ងៃទី១០កុម្ភៈនេះមិនដឹងថានរណាមានសមត្ថភាពកក់កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី២បន្តទៀតនោះឡើយ ។
នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់បឺត សង្ឃឹមរបស់ក្លិបរ៉ាហាប់ស្វាយប៉ាក ។
អ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះសុទ្ធតែមានកលល្បិចខ្បស់ដូចគ្នាតែសង្ឃឹមជាអ្នកប្រដាល់មួយរូបដែលមានរបៀបវ៉ៃខ្ពស់ជាងរហ័សជាង និង មានកលល្បិចសំបូរបែបជាងតែការវ៉ៃចេញរបស់គេស្រាលជាងរ៉ាថេន ។ទោះជារ៉ាថេនមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែសម្រាប់អ្នកនិយមទស្សនាប្រដាល់គេពិតជាមានជំនឿចិត្តលើសង្ឃឹមជាងហើយ ។
កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះបន្តនៅជុំទីមួយនេះមិនដឹងថានឹងធ្លាក់ក្នុងកណ្ដាប់ដៃបឺត សង្ឃឹម ឬ ក៏បានទៅនួន រ៉ាថេននោះឡើយ ?
អ្នកប្រដាល់សេក គឹមសាន្តរបស់ក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ភួង ពិសិដ្ឋរបស់ក្លិបខេត្តរតនគីរី ។អ្នកប្រដាល់ទាំង ២ រូបនេះមិនសូវមាននរណាស្គាល់នោះទេព្រោះគេមិនសូវមានឱកាសបានប្រកួតនៅភ្នំពេញតែបើតាមការអះអាងពីមន្ត្រីរៀបចំការប្រកួតនោះថាពួកគេមានប្លង់វ៉ៃល្អគ្រាន់បើ ។
ពិសិដ្ឋជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃរហ័ស ចំពោះស្នៀតជង្គង់ និង កណ្ដាប់ដៃរបស់គេមិនជាអស្ចារ្យប៉ុន្មានឡើយ ។ ចំពោះគឹមសាន្ដវិញជង្គ់ងនិងកែងរបស់គេមិនស្រួលទប់ទល់ឡើយតែអ្នកប្រដាល់រូបនេះចិត្តមិនសូវធំនិងកម្លាំងរបស់គេឆាប់ស្រុតចុះបន្តិច ។
រវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថាសេក គឹមសាន្ដជាអ្នកកក់កៅអីសម្រាប់ជុំទី២ ឬ ក៏ភួង ពិសិដ្ឋជាអ្នកដណ្ដើមបានឱកាសសម្រាប់ឡើងទៅជុំទី២នោះឡើយ ។
ការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃស៊ីង នុម(Sing Num)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៧គីឡូក្រាម ។