អ្នកជំនាញមកពី១៧ប្រទេសជួបជុំគ្នានៅអង្គរ ដើម្បីពិភាក្សាគ្នាអំពីការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក

0
6098

អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញមកបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជប៉ុន និងអឺរ៉ុបជាដើម បានមកជួបជុំគ្នានៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា តាមរយៈសិក្ខាសាលាអន្តរជាតិស្តីពី និរន្តរភាព និងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក ដែលសហការរៀបចំដោយអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌល SEAMEO SPAFA។

កិច្ចប្រជុំពិភាក្សានេះនឹងធ្វើឡើងរយៈពេល៤ថ្ងៃ ដោយដំណើរការពីថ្ងៃទី៥ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះជាសិក្ខាសាលាដែលប្រមូលផ្តុំដោយវាគ្មិនដែលភាគច្រើនជាអ្នកស្រាវជ្រាវ អ្នកទេសចរណ៍ និងមន្ត្រីគ្រប់គ្រងនៅតំបន់ទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌផ្សេងៗនៃពិភពលោក។

បណ្ឌិត Rujaya Abhakhorn នាយកមជ្ឈមណ្ឌល SEAMEO SPAFA បានលើកឡើងថា យើងបានអញ្ជើញវាគ្មិនដែលមានជំនាញលើការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ មកជួបជុំគ្នានៅអង្គរ ដើម្បីឲ្យពួកគេបានឃើញនូវការគ្រប់គ្រងទេសចរណ៍នៅទីនេះ ព្រោះអាជ្ញាធរជាតិអប្សរាមិនត្រឹមតែធ្វើការលើការអភិរក្សប៉ុណ្ណោះទេ តែបានធ្វើការយ៉ាងច្រើនលើការរៀបចំទេសចរណ៍យ៉ាងមានប្រសិទ្ធភាពទៀតផង។

អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ឯកឧត្តម សុខ សង្វារ បញ្ជាក់ថា តាមរយៈប្រធានដែលប្រមូលផ្តុំដោយអ្នកជំនាញ និងអ្នកគ្រប់គ្រងតំបន់ទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌជាច្រើននេះនឹងបង្ហាញថា យើងធ្វើការក្នុងគោលដៅមួយដូចគ្នា។ រមណីយដ្ឋានអង្គរ ជាទីតាំងដ៏សំខាន់សម្រាប់ជាមេរៀននៃការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលអាជ្ញាធរជាតិអប្សរាកំពុងបន្តអនុវត្តសព្វថ្ងៃ។

ឯកឧត្តមបន្ថែមថា អង្គរកំពុងតែក្លាយជាទិសដៅទេសចណ៍ដ៏សំខាន់ ដែលទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប៉ះពាល់ផ្សេងៗ ដែលតែងកើតមានឡើងពីវិស័យទេសចរណ៍។ យើងសង្ឃឹមថា កិច្ចពិភាក្សានេះនឹងផ្តល់នូវចំណុចល្អៗជាច្រើនទៀត ដើម្បីជំរុញឲ្យការគ្រប់គ្រងទេសចរណ៍នៅអង្គរ ក៏ដូចជាតំបន់បេតិកភណ្ឌផ្សេងៗទទួលនូវប្រសិទ្ធភាពល្អបំផុតនាពេលអនាគត។

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា នេះជាសិក្ខាសាលាដ៏មានតម្លៃដែលនឹងអនុញ្ញាតឲ្យអ្នកគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌមានគំនិតបន្ថែមលើការរៀបចំផែនការបានល្អ និងអនុវត្តការគ្រប់គ្រងទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព។ ដោយឡែក យើងជឿជាក់ថា បទពិសោធន៍ជាង២៥ឆ្នាំនៃការងារគ្រប់គ្រងអង្គរប្រកបដោយភាពជោគជ័យកន្លងមក អាចជាមេរៀនដ៏ល្អដែលអាចរៀនសូត្របានជាសាកល ពោលគឺ កិច្ចការពីរដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំគឺ ការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

Facebook Comments
Loading...