គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានសម្រចការងារក្នុងការចុះពិនិត្យ សំណើសុំជួសជុលតូចៗ ដោយបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៥៤ ករណី។
ការងារអនុញ្ញាតនេះធ្វើឡើងតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជាក់ស្តែង ស្រុកប្រាសាទបាគង បានអនុញ្ញាតបានចំនួន១០ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន៦ករណី ស្រុកពួកអនុញ្ញាតបានចំនួន១០ ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន១៨ករណី និងនៅស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន១០ករណី។
ចំពោះការចុះពិនិត្យនេះ និងការសម្រេចសាងសង់ និងជួសជុលនេះធ្វើឡើងដោយ ក្រុមការងារបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ដើម្បីផ្តល់ភាពងាយស្រួល និងសម្រួលដល់ពួកគាត់ដោយពុំចាំបាច់ឡើងមកដល់ទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិអប្សរានោះឡើយ ដោយផ្តល់សេវាដល់ទីកន្លែង។
គួរំឮកផងដែរថា ឆ្នាំ២០១៧ កន្លងមក អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការសាងសង់ និងជួសជុលតូចៗចំនួន៥០០ ករណី និងឧបត្តម្ភស្រ្តីទើបសម្រាលកូនរួចក្នុងតំបន់អង្គរចំនួនជាង៦០០គ្រួសារ។ ក្រៅពីនេះអាជ្ញាធរជាតិអប្សរាក៏បានជួយឧត្តម្ភដល់ប្រជាជនដែលរងគ្រោះថ្នាក់ដោយសារភ្លើងឆេះផ្ទះ ទឹកជំនន់ ជាសម្ភារៈផ្សេងៗជួនដល់វត្តអារាម អាគារសាធារណៈក្នុងតំបន់អង្គរជាដើម៕