សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជុំទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង

0
3386

នៅវិមានសន្តិភាព ព្រឹកថ្ងៃដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang។

FB_IMG_1515653775465

នៅក្នុងជំនួបព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តី Li Keqiang បានសំដែងនូវអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍លោក និងប្រតិភូ ព្រមទាំងបានសំដែងនូវក្តីរីករាយដែលបានធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ជាមួយកម្ពុជា ដោយទទួលបានជោគជ័យយ៉ាងធំធេងកាលពីម្សិលមិញ។

FB_IMG_1515653777717

លោកនាយករដ្ឋមន្រ្តីចិន បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជានាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ឲ្យកាន់តែល្អរឹងមាំ និងខ្លាំងក្លាថែមទៀត។ ទោះបីដំណើរទស្សនកិច្ចនេះមានរយៈពេលខ្លី ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដោយបានសម្រេចការងារជាច្រើន ពីព្រោះដោយសារប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងល្អ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដូចជាបងប្អូន។ លោកនាយករដ្ឋមន្រ្តីបានអះអាងបញ្ជាក់ថា ប្រទេសចិននៅតែបន្តជួយដល់កម្ពុជាជាបន្តទៀតទៅលើវិស័យនានា ដើម្បីជម្រុញការអភិវឌ្ឍ ក្នុងនោះរួមទាំងបញ្ហាដោះមីនផងដែរ និងការកសាងមន្ទីរពេទ្យផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាឆ្នាំដ៍ពិសេសមួយនៃខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជាចិន ហើយស្របពេលនៃដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង និងក្នុងពេលដែលមិត្តចិនធ្វើជាសហប្រធានដឹកនាំនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា ប្រទេសចិនកំពុងនាំមុខលើការវិនិយោគនៅកម្ពុជាសព្វថ្ងៃ រួមទាំងគម្រោងដែលត្រូវបានចុះហត្ថលេខានាព្រឹកនេះផងដែរ។ ជាពិសេស លើវិស័យទេសចរណ៍ ក៏ចិនកំពុងនាំមុខទៀតផង។ សម្តេចតេជោបានស្នើសុំឲ្យប្រទេសចិនជួយជំរុញអ្នកទេសចរចិនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើងថែមទៀត ព្រមទាំងជួយពិចារណាក្នុងការនាំចេញស្ករសពីកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីចិន Li Keqiang បានស្នើសុំឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរពិភាក្សាគ្នាលើបញ្ហានៃការនាំស្ករចេញទៅប្រទេសចិន។ ចំពោះភ្ញៀវទេសចរណ៍វិញ លោកនាយករដ្ឋមន្រ្តីចិន បានឲ្យដឹងថា មានប្រជាជនចិនប្រមាណ ២០០ លាននាក់ក្នុងមួយឆ្នាំដែលមានលទ្ឋភាពទៅទេសចរណ៍នៅក្រៅប្រទេស ដូច្នេះប្រសិនបើមានមួយភាគរយនៃទេសចរណ៍ចិនមកកម្ពុជា ក៏កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ២លាននាក់ផងដែរក្នុងមួយឆ្នាំ។ លោកនាយករដ្ឋមន្រ្តី សន្យាថានឹងជួយជំរុញឲ្យមានទេសចរណ៍ចិនមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ចំពោះជំនួយឥតសំណងវិញ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែនថា ប្រទេសចិននឹងផ្តល់ជូនមូលនិធិឥតសំណង ១,២០០លានយ័ន សម្រាប់គម្រោងអភិវឌ្ឍខ្នាតតូច និងមូលនិធិប្រមាណ ៦០០លានយ័នថែមទៀត សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាផ្លូវល្បឿនលឿនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់មិត្តចិនដែលតែងតែយកចិត្តទុកដាក់ជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ឋតូចធំជាច្រើននៅក្នុងប្រទេស ដើម្បីជួយកាត់បន្ថយភាពក្រីក្រធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជូនពរលោកប្រធានាធិបតីចិន ស៊ី ជីនពីង និង លោកនាយករដ្ឋមន្រ្តី លី គឺឈាំង សូមមានសុខភាពល្អ អាយុវែង ដើម្បីដឹកនាំប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕

FB_IMG_1515653780755

Facebook Comments
Loading...