ចម្លាក់ទ្វារបាលរកឃើញនៅប្រាសាទទន្លេស្ងួតកំពុងទទួលបានការជួសជុលពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

0
13194

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ កន្លងមក ក្នុងគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS) បានរួមគ្នាធ្វើកំណាយស្រាវជ្រាវនៅក្នុងបរិវេណប្រាសាទទន្លេស្ងួត រកឃើញបដិមាទ្វារបាលដែលមានចំនួន០៦បំណែក មានព្រះកេស ដងខ្លួន បំណែកដៃ ជើង និងក្រវិល ដែលបច្ចុប្បន្នកំពុងជួសជុលនិងអភិរក្សដោយក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ ហៅកាត់ថា I.T.A.L.I.A នៃអាជ្ញាធរជាតិអប្សរា។

លោក ឮ ចាន់ណូរ៉ា បុគ្គលិកជំនាញផ្នែកជួសជុលនិងអភិរក្សថ្ម មកពីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាសមាជិកនៃក្រុមអ៊ីតាលីយ៉ាប្រចាំការនៅមន្ទីរពិសោធន៍ក្នុងអភិរក្សដ្ឋានអង្គរ បានឱ្យដឹងថា៖ មុនពេលទទួលបានរូបចម្លាក់ទ្វារបាលពីសារមន្ទីរព្រះសីហនុ-អង្គរ ក្រុមការងារបានធ្វើការសិក្សាទាក់ទងនឹងប្រវត្តិរបស់វត្ថុសិល្បៈ បានគូររូបទាក់ទងនឹងក្បាច់លម្អ និងការខូចខាតរបស់បដិមា។ បន្ទាប់មកប្រើម៉ាស៊ីនម៉ាយក្រូស្កុប (Microscope) ដើម្បីដឹងពីការខូចខាតលើផ្ទៃ ការពុកផុយផ្នែកខាងក្នុង និងវត្ថុធាតុដែលជាប់លើផ្ទៃបដិមា។ បន្ថែមពីនោះក្រុមការងារក៏ធ្វើការវិភាគលម្អិតលើវត្ថុផ្សេងៗដែលជាប់នឹងបដិមាត្រង់ផ្ទៃខាងលើ កម្រិតការខូចខាតនៃថ្មផ្នែកខាងក្នុង វាស់សីតុណ្ហភាពនិងសំណើមរបស់ថ្ម និងបរិស្ថានជុំវិញបដិមា រួមនឹងបំណែកវត្ថុសិល្បៈនីមួយៗផងដែរ។

ការជួសជុសត្រូវបានបែងចែកជា២វគ្គ គឺការសម្អាត (Cleaning Treatment) និងការជួសជុល (Intervention)។ មុនសម្អាត ចាំបាច់ធ្វើការសាកល្បងលើវត្ថុធាតុមួយចំនួនមានដូចជា ក្រដាសជប៉ុន (Japanese paper) Compress (ម្សៅក្រដាសលាយម្សៅដីឥដ្ឋ) និង Algar Algar gel ដើម្បីពិនិត្យមើលលទ្ធភាព ប្រសិទ្ធភាពនៃការសម្អាត និងបង្ការផលប៉ះពាល់ដល់សាច់ថ្មដែលកំពុងពុកផុយ។ ផ្អែកតាមលទ្ធផលសម្អាតសាកល្បង ទាំងធូលីនិងអំបិលក្នុងរន្ធថ្មត្រូវបានសម្អាតនៅត្រង់ចំណុចបែកដើម្បីរក្សាគុណភាពថ្មបានយូរនៅពេលតភ្ជាប់រួចរាល់។ រីឯផ្ទៃខាងក្រៅគឺសម្អាតតែធូលីនិងស្នាមប្រឡាក់ដែលដិតជាប់ប៉ុណ្ណោះ ព្រោះដើម្បីរក្សាភាពដើមនិងតម្លៃបុរាណវិទ្យានៃបដិមា។ ម្យ៉ាងទៀតក៏ដើម្បីបង្ហាញថាបដិមានេះត្រូវបានរកឃើញដោយកំណាយបុរាណវិទ្យា។

បច្ចុប្បន្នការសម្អាតបានប្រហែល៥០% លុះសម្អាតរួចរាល់អ្នកជំនាញនឹងធ្វើការសម្លាប់ប្រភេទពួកស្លែជីវសាស្រ្តដោយប្រើ Biocide ពង្រឹងផ្នែកពុកផុយ និងផ្នែកត្រូវតភា្ជប់។ ឯការតភ្ជាប់ឡើងវិញ ត្រូវបិទបាយអបំពេញស្នាមប្រេះ និងផាត់ពណ៌បន្ស៊ី។

លោក ណូរ៉ា បញ្ជាក់ថា យើងមិនអាចកំណត់កាលបរិច្ឆេទនៃការរួចរាល់បាននោះទេពេលនេះ ព្រោះការងារទាំងនេះត្រូវការពេលវេលាយូរដើម្បីធ្វើការសិក្សានិងជួសជុលដោយប្រុងប្រយ័ត្នបំផុត៕

Facebook Comments
Loading...