ភូមិធម្មជាតិរុនតាឯកនឹងរៀបចំពិធីបុណ្យឆ្លងសាឡុំ នៅចុងខែធ្នូនេះ

0
164162

នៅភូមិធម្មជាតិរុនតាឯក នឹងរៀបចំពិធីបុណ្យពុទ្ធាភិសេកឆ្លង រោងឧបោសថគារ ឬសាឡុំ សាលាបុណ្យ និងខ្លោងទ្វារព្រះត្រៃបិដក និងគម្ពីរសាស្រ្តាស្លឹករឹត នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។

ពិធីឆ្លងសមិទ្ធផលនានា នៅភូមិធម្មជាតិរុនតាឯក នឹងត្រូវរៀបចំធ្វើនៅថ្ងៃ អាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ អាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ម៉ោង ២រសៀល ជួបជុំពុទ្ធបុរិស័ទជិតឆ្ងាយចូលរួមពិធីបួងសួង និងប្រុងពលី ព្រមទាំងហែដុំសីមា ប្រទក្សិណ បណ្តែតប្រទីប និងបង្ហោះគោមពេលរាត្រី។ ម៉ោង៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ១៥កើតពេញបូរមី ត្រូវនឹងថ្ងៃទី១ ខែមករា ពិធីថ្វាយមធុបាយាស ព្រមទាំងសូត្របទបទុមបូជាថ្វាយផ្កាចំពោះព្រះសម្មាសម្ពុទ្ធ។ ពេលព្រឹកថ្ងៃដដែល ពិធីថ្វាយគ្រឿងសក្ការៈផ្សេងៗ និងម៉ោង ២រសៀល ជួបជុំព្រះភិក្ខុសង្ឃ ជាន់តារាងបញ្ចុះសីមា បន្ទាប់មកនិមន្តធម្មកថិក សម្តែងធម៌ទេសនាគ្រែបី ព្រមទាំងអានត្រៃ។ ចំណែកពេលយប់ មានរៀបចំបណ្តែតប្រទីប និងបង្ហោះគោម បាញ់កាំជ្រួច។ លុះដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ និមន្តព្រះសង្ឃចំនួន ៩៨អង្គ ដាក់បាត្រឆ្លងកម្មវិធីបុណ្យ ជាកិច្ចបង្ហើយ និងអញ្ជើញភ្ញៀវពិសាភោជនាហារ។

អ្នកផ្តើមបុណ្យ មានព្រះតេជគុណ ឥន្ទបាលី កែវ អាន ព្រះគ្រូចៅអធិការវត្តអង្គរតូចខាងត្បូង ព្រះតេជព្រះគុណ យ៉ែម សុទ្ធា ចៅអធិការវត្ត សុវណ្ណមុន្នីវង្ស ហៅវត្តអន្លង់ក្ងាន ព្រះតេជគុណ គង់ សុភាព ចៅអធិការវត្តអង្គរតូចខាងជើង ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ទីប្រឹក្សា ឧបការី ប្រធាននាយកដ្ឋាន អនុប្រធាន ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា៕

Facebook Comments
Loading...