អ្នកជំនាញអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញការឥណ្ឌារកដំណោះស្រាយសង្គ្រោះដើមឈើក្នុងប្រាសាទតាព្រហ្ម

0
43851

ប្រាសាទតាព្រហ្មត្រូវបានភ្ញៀវទេសចរជាទូទៅស្គាល់ថាជាប្រាសាទដែលមានព្រៃឈើធំៗ ព្រោះប្រាសាទនេះក្រៅមានពីមានប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះ ក៏មានដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំជាច្រើនដុះព័ទ្ធព័ន្ធនៅលើតួប្រាសាទ គួរឱ្យចង់ទស្សនា និងផ្តិតរូបភាពទុកជាអនុស្សាវរីយ៍។

ភាពទាក់ទាញនៃប្រាសាទនិងដើមឈើ បានធ្វើឱ្យមានលំហូរភ្ញៀវទេសចរមកទស្សនាប្រចាំថ្ងៃមិនតិចជាង៥០០០នាក់ ដែលអាចបង្ករឱ្យមានហានីភ័យយ៉ាងខ្លាំងដល់ដើមឈើក្នុងប្រាសាទតាមរយៈសកម្មភាពដើរជាន់ឬឈរថតជាដើម។

ដើម្បីបញ្ជៀសបញ្ហាប្រឈមនេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមអ្នកជំនាញព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញការឥណ្ឌាប្រចាំការក្នុងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានពិភាក្សារិះរកវិធានការណ៍ដោះស្រាយ ដើម្បីរក្សាជីវិតដើមឈើទាំងអស់នោះឱ្យបន្តរស់បានរាប់រយឆ្នាំទៀត។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ បានឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារនឹងរៀបចំក្រាលក្តារនៅលើដី និងលើឫសឈើផ្ទាល់ ដើម្បីកុំឱ្យភ្ញៀវទេសចរជាន់លើនាំឱ្យហាប់ដី ប៉ះពាល់ដល់ឫសនាំឱ្យក្រិន មានដំបៅ កើតជំងឺ អាចស្លាប់បាន។ ការក្រាលក្តារនោះដែរ គឺមានប្រហោងតូចៗ អនុគ្រោះដល់ការលូតលាស់ និងការដកដង្ហើមរបស់ឫសឈើបាន ហើយក៏ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរផងដែរ៕

Facebook Comments
Loading...