ក្រុមអ្នកជំនាញការជាន់ខ្ពស់អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារមួយចំនួនក្នុងឧទ្យានអង្គរមុនកិច្ចប្រជុំ

0
33811

ក្រុមអ្នកជំនាញការជាន់ខ្ពស់ ចំនួនពីរក្រុមដែលទទួលបន្ទុកលើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះពិនិត្យតាមដានការអនុវត្តការងារមួយចំនួនតាមការដ្ឋានជួសជុលក្នុងរមណីយដ្ឋានអង្គរ។ ការចុះពិនិត្យនេះ ធ្វើឡើងមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ដំណើរការចុះពិនិត្យនេះធ្វើឡើងពីថ្ងៃទី៥ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៧ លើទីតាំងការដ្ឋានជួលជុល និងកន្លែងអនុវត្តការងារសំខាន់ៗដូចជា ការជួសជុលប្រឡាយបុរាណនៅបារាយណ៍ទឹកថ្លា គម្រោងជួសជុលផ្លុវវង់ធំ គម្រោងជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្ត គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងកន្លែងរុះរើសំណង់ខុសច្បាប់ដែលគណៈកម្មការចម្រុះនៃអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានបានប្រតិបត្តិការរុះរើកន្លងមកជាដើម។

ការចុះពិនិត្យតាមដានការងារនៅរាល់ការដ្ឋាន និងគម្រោងអភិវឌ្ឍន៍នានាក្នុងតំបន់អង្គរ គឺជាភារកិច្ចដ៏សំខាន់មួយរបស់គណៈកម្មាធិការអន្តរជាតិដ៏ធំមួយនេះសម្រាប់កិច្ចការអភិរក្សរមណីយដ្ឋានពិភពលោកអង្គរ។ ការចុះពិនិត្យនេះ គឺដើម្បីផ្ទៀងផ្ទាត់របាយការណ៍ និងផ្ទៀងផ្ទាត់នូវអនុសាសន៍ដែលក្រុមអ្នកជំនាញការជាន់ខ្ពស់ផ្តល់ជូនក្រុមការងារអនុវត្តគម្រោងនីមួយៗក្នុងកិច្ចប្រជុំមុនៗ។ បន្ទាប់ពីចុះពិនិត្យ ក្រុមអ្នកជំនាញការជាន់ខ្ពស់នឹងធ្វើការពិភាក្សាល្អិតល្អន់នូវរាល់ការអនុវត្តការងារទាំងនោះក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដើម្បីស្វែងរកនិងផ្តល់ជូនអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីជំរុញការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់អង្គរ៕

Facebook Comments
Loading...