ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការរិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ចោរលួចម៉ូតូ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ចោរលួចម៉ូតូ ០១នាក់ នេះ ដែលត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន មានឈ្មោះ ឈឿន រិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ អាន វី ភេទប្រុស អាយុ ៤៩ឆ្នាំ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២៣:៣០នាទី ខណៈពេលដែលជនរងគ្រោះ បានចេញពីធ្វើការ ហើយជិះមកផ្ទះវិញ និងចតទុកមុខផ្ទះ នៅចំណុចផ្ទះលេខ១១៨A ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបានដើរចូលទៅក្នុងផ្ទះ ដើម្បីញាំបាយ តែពុំបានដកសោរ ចេញពីម៉ូតូ នោះទេ លុះដល់វេលាម៉ោងប្រហែល១៣:០០នាទី ថ្ងៃដដែល ជនរងគ្រោះបានចេញពីហូបបាយពីក្នុងផ្ទះមកវិញ មិនឃើញម៉ូតូ ក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីឲ្យជួយធ្វើការស្រាវជ្រាវរកម៉ូតូរបស់ខ្លួនដែលបាត់។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានស្រាវជា្រវ កំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើ តែម្តង ចំណុចផ្ទះកម្មករក្រុមហ៊ុនលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួន និងមិត្តភក្តិបានជិះម៉ូតូ ០១គ្រឿងម៉ាក ស្មាសវី ពណ៍សលាយខ្មៅ មិនចាំស្លាកលេខ ចេញពីកន្លែងកាត់កញ្ចក់ ម្តុំបឹងសាឡាង ខណ្ឌទួលគោក ដោយក្នុងគោលបំណងជិះរកការងារធ្វើ លុះពេលជិះដល់កែងរោចក្រមួយកន្លែង រូបគេក៏បានចុះពីលើម៉ូតូរបស់មិត្តភក្តិគេ ពេលនោះរូបគេ បានឃើញម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ របស់ជនរងគ្រោះដែលទុកក្នុងផ្ទះ ដោយម្ចាស់ម៉ូតូ មិនបានដក់សោរចេញពីម៉ូតូ ឃើញឳកាសល្អ បែកគំនិត ក៏បានដើរសំដៅទៅម៉ូតូរបស់ជនរងគ្រោះ ខាងលើ ហើយគេបានជិះម៉ូតូនោះ ចេញមកក្រៅ គេចខ្លួនទៅស្រុកកំណើតរបស់គេ នៅភូមិផ្ទះកណ្តាល ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លុះរហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣០នាទី រូបគេក៏បានជិះម៉ូតូនោះ ត្រលប់មកភ្នំពេញវិញ ដើម្បីមកជួបឈ្មោះ ម៉ាប់ ដែលធ្វើការនៅក្នុងដី លី យ៉ុងផាត់ ហើយបានទិញស្រាបៀរផឹកជាមួយគ្នា ក្រោយពេលផឹកស្រាបៀរអស់ពួកគេ ក៏បែកគ្នាទៅដេករៀងៗខ្លួន មួយសន្ទុះក្រោយមក ស្រាប់តែមានកម្លាំងអាវុធហត្ថ ចុះមកសាកសួរ ហើយធ្វើការឃាត់រូបគេតែម្តង។ រូបគេបានបញ្ជាក់ប្រាប់សមត្ថកិច្ច ឲ្យដឹងទៀតថា បក្ខពួករបស់ខ្លួនមានគ្នា ០៣នាក់ទៀត ១/ ឈ្មោះ ខ្ញុក ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ នៅផ្ទះជួល ម្តុំបឹងបាយ៉ាប , ២/ ឈ្មោះ ង៉ែត ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ជាងកាត់កញ្ចក់ នៅម្តុំបឹងសាឡាង , ៣/ ឈ្មោះ ចំរើន ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ជាងកាត់កញ្ចក់ នៅម្តុំបឹងសាឡាង។ #PhnomPenhGRK