ប្រាសាទតាសោម

0
26830

ប្រាសាទតាសោម បានកសាងឡើងនៅចុងស.វទី១២ ដើមស.វទី១៣នៃគ.ស ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់ធំ ខាងកើតប្រាសាទនាគព័ន្ធ មានកំពែង៣ជាន់ ហើយកំពែងនីមួយៗមានខ្លោងទ្វារចេញចូលនិងសំណង់ប្រាង្គកណ្តាលរំលេចដោយក្បាច់រចនាដ៏ច្រើន។

ប្រាសាទតាសោម ត្រូវបានគេបំផ្លាញដោយចេតនាក្នុងរវាងស.វទី១៥ឬ១៦ ដែលធ្វើឱ្យប្រាសាទនេះស្ថិតក្នុងសភាពបែកបាក់និងទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនរយឆ្នាំ។ នៅឆ្នាំ១៩៩៨ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) និងអាជ្ញាធរជាតិអប្សរាបានសហការគ្នារៀបចំគម្រោងអភិរក្សប្រាសាទតាសោមឡើងវិញ ហើយបានបញ្ចប់គម្រោងឱ្យរួចរាល់ជាស្ថាពរនៅឆ្នាំ២០១២។

កិច្ចការដែលអង្គការមូលនិធិប្រាសាទពិភពលោកបានធ្វើនៅប្រាសាទតាសោម គឺបានរៀបចំឯកសារទាក់ទងនឹងប្រាសាទ ពង្រឹងរចនាសម្ពន្ធសំណង់ដែលបាក់បែក ខូចខាត និងត្រង់ផ្នែកដែលរលំធ្លាក់ឱ្យរឹងមាំល្អ ព្រមទាំងរៀបចំសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ក៏ដូចជាពន្យល់រៀបរាប់បង្ហាញពីប្រវត្តិសាស្ត្រទាក់ទងនឹងប្រាសាទតាសោមផងដែរ។ បន្ថែមពីនោះ ក្រុមការងារគម្រោងក៏បានសម្អាតច្រកចេញចូល រោងទង និងទីធ្លាជុំវិញប្រាសាទឱ្យស្អាត ដើម្បីសម្រួលដល់ការឆ្លងកាត់ពីលិចទៅកើត។ ពិសេសគឺខ្លោងទ្វារខាងលិចនិងខាងកើត ក៏ត្រូវបានធ្វើការជួសជុលនិងពង្រឹងឡើងវិញឱ្យមាំទាំនិងធានាបាននូវសុវត្ថិភាពដល់ភ្ញៀវទេសចរពេលឆ្លងកាត់។

បើទោះបីប្រាសាទនេះតូច នៅឆ្ងាយបន្តិចពីប្រាសាទផ្សេងៗក៏ដោយ ក៏កម្រទេសចររំលងណាស់ ព្រោះប្រាសាទនេះមានក្បាច់រចនាល្អរស់រវើក មានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងសោភ័ណភាពទេសភាពគួរឱ្យចង់ទស្សនា និងទៅលេងកម្សាន្ត។

តោះសូមទស្សនាកម្រងរូបភាពទិដ្ឋភាពប្រាសាទតាសោមដូចតទៅ៖

Facebook Comments
Loading...