ខណ្ឌព្រែកព្នៅ បានរៀបចំបើកកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣” របស់បេក្ខភាព “ខណ្ឌព្រែកព្នៅ”

0
518

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំបើកកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣” របស់បេក្ខភាព “ខណ្ឌព្រែកព្នៅ”ក្រោមអធិបតីភាព លោក លន់ ប៊ុនធឿន ប្រធាននាយកដ្ឋានាយតម្លៃទីក្រុងស្អាត និងជាប្រធានប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ និងលោក ហួត លាភពិសិដ្ឋ អភិបាលស្តីទី នៃគណៈអភិបាលខណ្ឌ។

ក្នុងឱកាសនោះលោកហួត លាភពិសិដ្ឋ បានមានប្រសាសន៍ថា តាំងពីបង្កើតមកខណ្ឌព្រែកព្នៅ បានមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស ហើយបើទោះជាការរាត្បាតនៃជំងឺកូវីដរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណ្ឌព្រែកព្នៅក៍នៅតែមានការអភិវឌឍន៍ខ្លះៗដែរ។ ចំពោះការងារអប់រំផ្សព្វផ្សាយ ខណ្ឌបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ ចុះយុទ្ធនាការផ្សព្វផ្សាយដែលមានការចូលរួមពីព្រះសង្ឃ និស្សិតនិងយុវជន ស.ស.យ.ក និងយុវជនកាយរិទ្ធ សម្អាតសំរាមនៅតាមបណ្តារម្មនីយដ្ឋាន និងដងផ្លូវនានាក្នុងទីប្រជុំជនជាដើម។

លោកបន្តថា សម្រាប់ការងារគ្រប់គ្រងសំណង់រឹង បានធ្វើយន្តការត្រួតពិនត្យតាមដានលើភ្នាក់ងារប្រមូលសំរាមដោយរួមមានការចុះកិច្ចសន្យារវាងគណៈអភិបាលខណ្ឌ ចៅសង្កាត់ទាំង៥ ក្រុមហ៊ុនក្រុមហ៊ុន 800 super ដើម្បីសម្អាតនិងដឹកជញ្ជូនសំរាម បានចុះអប់រំផ្សព្វផ្សាយសេចក្តីណែនាំអំពីការវេចខ្ចប់ ទុកដាក់សំរាមនិងពង្រឹងសេវាប្រមូលសំរាមនៅពេលបុណ្យផ្សេងៗ។

ចំណែកលោក លន់ ប៊ុនធឿន បានមានប្រសាសន៍ថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើឡើងរៀងរាល់ ៣ឆ្នាំម្តង ក្រោមការតាមដាន និងវាយតម្លៃដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងគោលបំណងធ្វើឲ្យប្រទេសកម្ពុជាស្អាត និងបៃតង សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងជួយជំរុញឲ្យគ្រប់កន្លែងទាំងអស់មានបដិសណ្ឋារកិច្ចល្អ។

លោកបន្តថា ពាក់ព័ន្ធទៅនឹងការដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងទីក្រុងស្អាត តាមស្តង់ដាដែលបច្ចុប្បន្នភាពទីក្រុងស្អាតមានចំនួន ៧ សូចនាករគោលចំនួន៤១ សូចនាករលំអិត និង មាន១១៣ លក្ខណៈវិនិច្ឆ័យ ដើម្បីឱ្យខណ្ឌទទួលបានរំដួល ៣ទង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត សម្រាប់ឆ្នាំ ២០២២-២០២៥។

គួរបញ្ជាក់ថា តារាងវាយតម្លៃនិងអនុញ្ញាតឲ្យធ្វើចំណាត់ថ្នាក់នៃទីក្រុង ខណ្ឌ ជ័យលាភីទៅតាមកម្រិតពិន្ទុដែលទទួលបាន ស្លាកសញ្ញាណ ៣ប្រភេទ និងត្រូវផ្តល់ជូនជាអនុគមន៍ទៅនឹងចំនួនពិន្ទុដែលទទួលបាន។ ប្រភេទនៃស្លាកសញ្ញា ឬរង្វាន់នឹងត្រូវកំណត់ដោយ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត។ សម្រាប់ស្លាកសញ្ញារំដួល ៣ទង នឹងត្រូវប្រគល់ជូន ទីក្រុងណាដែលទទួលបានពិន្ទុចន្លោះពី៩០ និង១២០ (យ៉ាងហោចណាស់ស្មើនឹង៧៥% នៃចំនួនពិន្ទុសរុប)។ សម្រាប់ស្លាកសញ្ញារំដួល ២ទង នឹងត្រូវប្រគល់ជូន ទីក្រុងណាដែលទទួលបានពិន្ទុចន្លោះពី៧២ និង៨៩ (យ៉ាងហោចណាស់ស្មើនឹង៦០% នៃចំនួនពិន្ទុសរុប)។ សម្រាប់ស្លាកសញ្ញារំដួល ១ទង នឹងត្រូវប្រគល់ជូន ទីក្រុងណា ដែលទទួលបានពិន្ទុចន្លោះពី៤៨ និង៧១ (យ៉ាងហោចណាស់ស្មើនឹង៤០% នៃចំនួនពិន្ទុសរុប)៕

Facebook Comments
Loading...