ផ្ទុះការតវ៉ាទៀតហើយ! ក្រុមអាជីវករសូមអោយលោក ព្រុំ សុធី អតីតប្រធានផ្សារសាំហាន់ ជួយពន្លឿនក្នុងការប្រគល់ប្រាក់កក់ មកអោយពួកគាត់វិញ

0
583

ភ្នំពេញ ៖ អាជីវករផ្សារធំទួលសង្កែ (សាំហាន់) មកជួបជុំគ្នាដើម្បីសុំឲ្យអតីតប្រធានផ្សារ ប្រគល់ប្រាក់ កក់ តូបជាង១០០០តូប មកអោយក្រុមអាជីវករវិញ។ ការជួបជុំសុំអោយ អតីត ប្រធានផ្សារ ប្រគល់ប្រាក់កក់នេះមកវិញ ធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មុខបុរីអង្គរភ្នំពេញ។

បើតាមការអោយដឹង ពីបងប្អូនក្រុមអាជីវករ ប្រាប់ដល់អ្នកសារព័ត៌មានថា ពួកគាត់នាំគ្នា មកថ្ងៃនេះគឺដើម្បីសុំអោយ អតីតប្រធានផ្សារ លោក ព្រុំ សុធី មេត្តាជួយពន្លឿន ក្នុងការប្រគល់ប្រាក់ កក់ ថ្លៃតូប នីមួយៗ មកអោយពួកគាត់វិញ។ ពួកគាត់ មិនទាមទារអ្វី អោយលើសពីនេះទេ។ ខណៈពេលនេះ ក្រុមអាជីវករ ក៏កំពុងតែទទួលផលលំបាក ពីការប៉ះពាល់ បញ្ហាកូវីដ ហើយពេលនេះ ក៏មកជួបរឿងនេះ ថែមទៀត។

បងប្អូនអាជីវករ ក៏បានអោយដឹងទៀតថា ចំពោះការចូលមកលក់ដូរនេះ គឺពួកគាត់ត្រូវចំណាយ ប្រាក់ ថ្លៃកក់តូប ដោយប្រាក់កក់នោះ គិតទៅតាមទំហំតូប និងទីតាំងតូប ដោយអាជីវករខ្លះ ត្រូវបង់ប្រាក់កក់ អោយទៅអតីតប្រធានផ្សារ ចាប់ពី ខ្ទង់រយ ដុល្លារ រហូតដល់ ខ្ទង់ម៉ឺនដុល្លារ។ ដោយសារតែ លោក ព្រុំ សុធី ហាក់ដូចជា ពន្យាពេលក្នុងការដោះស្រាយ ជូនដល់ក្រុមអាជីវករ ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើអោយ បងប្អូនអាជីវករ មានការព្រួយបារម្ភ ទើបពួកកាត់ សំណូមពរ ដល់ភាគីពាក់ព័ន្ធ សូមមេត្តា ជួយពន្លឿន ក្នុងការផ្តល់ប្រាក់ កក់ មកកាន់ពួកគាត់វិញ អោយបានឆាប់រហ័ស។

ក្រុមអាជីវករ ក៏សូមសំណូមពរ ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមក្តីមេត្តា ជួយរកដំណោះស្រាយ សម្រាប់អាជីវករ អោយឆាប់រហ័សផង ដើម្បីអោយអាជីវករបន្តការលក់ ដូរទៀតផង និងសម្រាប់បង់ដល់ធនាគារផងដែរ។

នាព្រឹកនោះផងដែរ ក៏មានការចូលរួមពីលោកមេធាវី តំណាងអោយលោក ព្រុំ សុធី អតីតប្រធានផ្សារ សាំហាន់ ដោយលោកមេធាវី បានប្រាប់ទៅបងប្អូនអាជីវករថា សូមទុកពេលអោយលោក ដោះស្រាយជូន ព្រោះលុយលោកមាន ប៉ុន្តែលោក មិនទាន់ដោះស្រាយអោយពេលនេះទេ គឺខាងលោកនឹងដោះស្រាយ ជូនដល់អាជីវករ ក្នុងពេលសមស្របណាមួយ។ ហើយចំពោះឯកសារផ្សេងៗ។

រីឯ ខាងអាជ្ញាធរមូលដ្ឋាន លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ភាគីទាំងពីរកំពុងតែរកដំណោះស្រាយ ជូនដល់ ក្រុមអាជីវករហើយ ដោយសារតែកំពុងដោះស្រាយ បញ្ហាមួយចំនួន នៅតុលារ ជាមួយម្ចាស់ដីថ្មី ទើបភាគី ខាងលោក ព្រុំ សុធី មិនទាន់ប្រគល់លុយកក់ មកអោយអាជីវករវិញ។

ទោះបីជាយ៉ាងណាក៏ដោយ អាជីវករទាំងអស់ទទូចសុំឲ្យអតីតប្រធានផ្សារលោក ព្រុំ សុធី ដែលមានមេធាវីជាតំណាង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជួយពន្លឿនដំណោះស្រាយជូនពួកគាត់ ខណៈប្រធានផ្សារដែលទើបមកគ្រប់គ្រងថ្មី ក៏រំអុកឲ្យបងប្អូនអាជីវករត្រូវប្រញាប់កក់ថ្លៃតូបរៀងៗខ្លួនក្នុងចំនួនមួយដ៏ច្រើនផងដែរ៕

Facebook Comments
Loading...