លោក សុខ សម្បត្តិ ! ដើម្បីអោយប្រជាពលរដ្ឋមានសន្តិសុខ លុះត្រាតែកម្លាំងអាជ្ញាធរ ខណ្ឌ សង្កាត់ រក្សាបាននូវសន្តិសុខ

0
257

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាកាឯកភាពខណ្ឌ នាព្រឹកថ្ងៃទី០៥ ខែកក្កដា នេះលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ដើម្បីអោយប្រជាពលរដ្ឋមានសន្តិសុខ លុះត្រាតែកម្លាំងអាជ្ញាធរ ខណ្ឌ សង្កាត់ រក្សាបានសន្តិសុខ ហើយលោកសង្ឃឹមថា អាជ្ញាធរ ខណ្ឌ សង្កាត់យើងនឹងខិតខំបំពេញការងារអោយកាន់តែល្អបន្ថែមទៀត ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង ព្រោះយើងជាអ្នកបំរើពួកគាត់។

លោកប្រធានគណៈបញ្ជាកាឯកភាពខណ្ឌបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើគ្រប់វិស័យ ពិសេសវិស័យសន្តិសុខជាតិ ដោយវិស័យនេះ វាជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអោយរីកចំរើន។

លោក សុខ សម្បត្តិ បានលើកឡើងទៀតថា គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានសារៈសំខាន់ណាស់ បើយើងប្រហែសតែបន្តិច វានឹងនាំមកនៅគ្រោះថ្នាក់ ហើយអ្វីដែលសំខាន់នោះ គឺការបង្ការ ទប់ស្កាត់បទល្មើស បើមានបទល្មើសកើតហើយ ទើបយើងបង្ក្រាប វាមិនល្អជាងការបង្ការ ទប់ស្កាត់ជាមុននោះទេ ដូចនេះកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប៉ូលីស កម្លាំងប្រជាការពារខណ្ឌ សង្កាត់ត្រូវល្បាតជាប្រចាំក្នុងមូលដ្ឋាន។ លោកបានបន្តថា ចំពោះក្មេងទំនើង និងគ្រឿងញៀន ល្បែងស៊ីសង គណៈបញ្ជាការឯកភាពខណ្ឌត្រូវតែបន្តបង្ក្រាបអោយខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលមកស្នាក់នៅនិងឆ្លងកាត់ក្នុងខណ្ឌរបស់យើង។

លោកបានបន្ថែមទៀតថា ចំពោះមន្ត្រីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះអោយអាជ្ញាធរខណ្ឌ ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ ព្រោះខែនេះជារដូវវស្សា ក្រែងអាចមានអភូតហេតុកើតឡើងជាយថាហេតុដោយយើងមិនបានដឹង។

ជាចុងក្រោយលោកសុខ សម្បត្តិ ក៍បានបញ្ជាក់ផងដែរថា ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញ ចូលតែមួយរបស់ខណ្ឌបឹងកេងកងយើង ពិតជាទទួលបានការកើតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើអោយទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង៕

Facebook Comments
Loading...