ភ្នំពេញ ៖ នៅតែជាទីផ្សារនាំចេញធំជាងគេលេខ៣របស់កម្ពុជាគឺទីផ្សារអាមេរិក ដោយគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ នេះសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ជាង ២ពាន់ ៦រយលានដុល្លារអាមេរិក កើនឡើង ៦% ធៀបទៅនិងឆ្នាំមុន នេះបើយោងតាមទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រភពដដែលបានបង្ហាញថា រយៈពេល ៤ខែ ដើមឆ្នាំនេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ អាមេរិក ជាង ២ពាន់ ៦រយលានដុល្លារអាមេរិក ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ៧២លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ២ពាន់ ៥រយលានដុល្លារអាមេរិក។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា បើគិតពី ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ស្មើនឹង ១៦% នៃទំហំពាណិជ្ជកម្មសរុប ដោយឈរនៅលំដាប់លេខ៣ ខណៈ ប្រទេសកម្ពុជា នាំចេញផលិតផលភាគច្រើនគឺជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ និងផលិតផលកសិកម្ម និងបាននាំចូលពី សហរដ្ឋអាមេរិក មកវិញ មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។
ដោយឡែក ពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា ជាមួយប្រទេសចិន ឈរនៅលំដាប់ទី ១ មានទំហំទឹកប្រាក់ ៤,៤ពាន់លានដុល្លារអាមេរិក ដោយកម្ពុជា នាំចេញជាង ៤៨៦លានដុល្លារ និងនាំចូលពីចិនមកវិញជាង ៣,៩ពាន់លានដុល្លារ។ស្របគ្នានេះ ពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ឈរនៅលេខរៀងទី ២ ដែលសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដោយកម្ពុជា នាំចេញទៅកាន់វៀតណាម ១ពាន់ ៧រយលានដុល្លារអាមេរិក និងនាំចូលមកវិញ ១ពាន់ ៣រយលានដុល្លារអាមេរិក។
គួរជម្រាបថា រយៈពេល ៤ខែ ដើមឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ១៦ពាន់ ៦រយលានដុល្លារអាមេរិក មានការកើនឡើង ១២% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕