ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយថ្នាំញៀនជាង ២៥៤គីឡូក្រាម ដែលដឹកជញ្ជូន និងជួញដូរឆ្លងដែនខុសច្បាប់ នៅខេត្តស្ទឹងត្រែង

0
293

ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀនសរុបទម្ងន់ ២៥៤៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម)រថយន្តចំនួន ០៤គ្រឿង ទូរស័ព្ទដៃចំនួន ១២គ្រឿង វិទ្យុទាក់ទងចំនួន ៣គ្រឿង គ្រាប់​បែកដៃចំនួន ២គ្រាប់ លុយបាត និងលុយដុល្លា មួយចំនួន ត្រូវបានសមត្ថកិច្ចបង្ក្រាបបានពីជនសង្ស័យចំនួន៤នាក់ ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការសម្របសម្រួលដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នាប្រតិបត្តិការនោះសមត្ថកិច្ចចាប់ខ្លួនជនល្មើស០៤នាក់

១.ឈ្មោះ អ៊ាប សុខឃឹម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ គ្រីបប្រាឆាយា ភរ៉ាសក្តិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ ៣.ឈ្មោះ សែចាំង ប្រាវីត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ

៤.ឈ្មោះ វង្ស ប៊ុនឆៃលើត ធារ៉ាឆៃ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ។

វត្ថុតាងចាប់យករួមមាន: ១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២២២៩០០ ក្រាម ២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៣១៨០៨ក្រាម ។

គ្រឿងញៀនសរុបទម្ងន់ ២៥៤៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម)

រថយន្តចំនួន ០៤គ្រឿង ទូរស័ព្ទដៃចំនួន ១២គ្រឿង វិទ្យុទាក់ទងចំនួន ៣គ្រឿង គ្រាប់បែកដៃចំនួន ២គ្រាប់ លុយបាត និងលុយដុល្លា មួយចំនួន។

ជនល្មើស និងវត្ថុតាងទាំងអស់ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...