បុរសចិនម្នាក់ផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំពីបទជួញដូរគ្រឿងញៀន និងមិនឲ្យចូលប្រទេសកម្ពុជាទៀតពេលអនុវត្តទ័ណ្ឌកម្មពន្ធនាគារចប់

0
246

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២៤នេះ លោកហុក ពៅ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ និងពិន័យប្រាក់៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ «រក្សាទុក ដឹកជញ្ជូននិងជួញដូរគ្រឿងញៀន »។

សាលក្រមដែលអានដោយលោកចៅក្រម ហុក ពៅ និងតំណាងអយ្យការលោក សុខ កែវបណ្ឌិត ក៏បានសម្រេចបណ្ដេញចេញនិងហាមឃាត់មិនអោយជនជាប់ចោទឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៥០ឆ្នាំ ជាមេការក្លឺប M9 ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញចូលប្រទេសកម្ពុជាទៀតពេលអនុវត្តទ័ណ្ឌកម្មពន្ធនាគារចប់។

សូមរំលឹកថា សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ រឹបអូសថ្នាំញៀនជិត ៥គីឡូក្រាម និងសារធាតុគីមីជាង ៤០គីឡូក្រាម រួមទាំងសារធាតុមិនច្បាស់ជាង ៥៣គីឡូក្រាមផ្សេងទៀត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣។

របាយការណ៍របស់មន្ទីរប្រឆាំងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៣៧ ភូមិតិក្ខៈបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យមានឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន។

ដោយឡែក សម្រាប់វត្ថុតាងដែលដកហូតបានរួមមាន៖ មេតំហ្វេតាមីន ទម្ងន់៤គីឡូក្រាម ៦៨៤ក្រាម, សារធាតុគីមីផ្សំទម្ងន់ ៣គីឡូក្រាម, សារធាតុគីមី ៤០គីឡូក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៥៣គីឡូក្រាម ៤២៨ក្រាម។

ក្រោយឃាត់ខ្លួនតុលាការបានសម្រេចឃុំខ្លួនជនជាប់ចោទរហូតមកដល់ថ្ងៃបើកសវនាការនិងផ្ដន្ទាទោសនាពេលនេះ៕

Facebook Comments
Loading...